កណ្តាល៖ មេបញ្ជាការរងកងពលតូចលេខ៩០ លោកឧត្តមសេនីយ៍ត្រីឡុង សាវុធ បានស្លាប់នៅក្នុងទីបញ្ជាការដ្ឋាន ដោយសន្និដ្ឋានថាបណ្តាលមកពីខ្យល់គ ។ មរណភាពនោះ នៅក្នុងទីបញ្ជាការដ្ឋានកងពលតូចលេខ៩០ ស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្ដាល កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ។
តាមសាក្សីលោកឃួនឈឿនបានឲ្យដឹងថា លោកឧត្តសេមនីយ៍ត្រី ឡុងសាវុធ មេបញ្ជាការរងកងពលតូចដឹកជញ្ជូន លេខ៩០ កាលពីរសៀល ថ្ងៃទី២៩ សីហា លោកឧត្តសេមនីយ៍ បានអង្គុយនៅសាឡុង ខាងមុខទីបញ្ជាការហើយនិយាយថា "ឈឺគ្រាប់ភ្នែក" មិនបានទៅហូបបាយទេ ។ ក្រោយមកគាត់(អ្នកស្លាប់) ក៏ចូលទៅសម្រាកក្នុងបន្ទប់ ។ លុះដល់ម៉ោងខាងលើខ្លួន(សាក្សី) បានក្រោកមកបន្ទប់ទឹកស្រាប់តែប្រទះឃើញសពស្លាប់ផ្ងាកក្រោយ លើសួនច្បារ ខាងមុខទីបញ្ជាការស្លាប់បាត់ទៅហើយ ដោយមានក្រមា និងស្លៀកខោខ្លីជាប់នឹងខ្លួន។
លោកឡុង សុផាន់ណា ត្រូវជាកូនបង្កើត របស់សពបានបំភ្លឺថា ឪពុករបស់ខ្លួនមានជម្ងឺប្រចាំកាយ គឺលើសឈាមជាយូរឆ្នាំមកហើយ ។ ក្រោយពេល កើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព ហើយបានបញ្ជាក់ថា សពជនរងគ្រោះសា្លប់ដោយសារខ្យល់គ។ បច្ចុប្បន្នសពត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ក្នុងខណ្ឌឬស្សីកែវ ៕