រាជធានីភ្នំពេញ ៖ តារាកំប្លែង និងចម្រៀងអាយ៉ៃ យាយអឿន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវសត្វគោមួយក្បាល ផ្អើលរត់មកជាន់លើដើមទ្រូងគាត់ ខណៈកំពុងតែឈរមើលរថយន្តចាក់ដីនៅខាងក្រោយផ្ទះ ។ បច្ចុប្បន្ន លោកយាយអឿន កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ «បាយ័ន» ក្រោមការតាមដានពីក្រុមគ្រូពេទ្យ ។
បើតាមកូនប្រុសលោកយាយអឿន បានអះអាងប្រាប់ថា រហូតមកដល់ថ្ងៃទី០១ កញ្ញា នេះ អាការៈម្តាយនៅមិនទាន់បានដឹងជាយ៉ាងណានៅឡើយ ដោយសារតែគាត់នៅតែមានថប់ៗ និងពិបាកដកដង្ហើម ។បញ្ជាក់ថា បើតាមក្រុមគ្រូពេទ្យថា ម្តាយរបស់លោកត្រូវសម្រាកនៅមន្ទីរពេទ្យសិន ដើម្បីឱ្យក្រុមគ្រូពេទ្យបន្តតាមដានជំងឺ ព្រោះខ្លាចអាចគ្រាំក្នុង ។
កូនប្រុសលោកយាយអឿនបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ពេលព្រឹកម្តាយលោកបានទៅឈរមើលរថយន្តកំពុងចាក់ដីនៅខាងក្រោយផ្ទះ ។ ប៉ុន្តែមិនដឹងមានរឿងហេតុអី ស្រាប់តែមានគោមួយក្បាល មិនដឹងផ្អើលពីណា រត់មកបុកចំខ្នងម្តាយរបស់លោក ហើយក៏បានជាន់ចំដើមទ្រូងផងដែរ ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក្រុមគ្រួសារមិនបានដេញចាប់គោនោះមកទុកឡើយ ដោយសាររវល់មើលម្តាយ ព្រោះខ្លាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទើបបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗតែម្តង ។