ត្បូងឃ្មុំៈ សមត្ថកិច្ចស្រុកមេមត់បានដេញតាមបង្រ្កាបរថយន្តសាំងយ៉ុងមួយគ្រឿងសង្ស័យដឹកឈើប្រណិតខុសច្បាប់ដែល ធ្វើដំណើរពីខាងខេត្តក្រចេះឆ្លង់កាត់ទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្រាប់តែម្ចាស់រថយន្តសាំងយ៉ុងមានការភិតភ័យបានបើកលឿនរត់គេចពីសមត្ថកិច្ចតែ ជ្រុលទៅបុករថយន្តតាកូម៉ាដែលកំពុងបើកចូលចាក់សាំង បណ្ដាលឲ្យបុកអូសទាញប្រមាណជិត ២០ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧ នៅចំណុច ភូមិឆ្កែអើត ឃុំជាមទ្រាក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា អាវុធហត្ថ៧០៣ បានបើកដេញតាមរថយន្តសាំងយ៉ុងមួយគ្រឿង ពណ៌ខៀវ ដឹកឈើឈ្លុង និងលាយឈើក្រុំមួយចំនួន ធ្វើឲ្យអ្នកបើករថយន្តសាំងយ៉ុងមានការភិតភ័យបានបើកលឿន ស្រាប់តែជ្រុលទៅបុករថយន្តម៉ាក តាកូម៉ា ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ2W-3071 ដែលកំពុងបើកចូលចាក់សាំង នៅចំណុចភូមិ ឃុំកើតហេតុខាងលើ បណ្ដាលឲ្យភាគីទាំងសងខាងបាក់ជើងម្នាក់ និងពីរនាក់ទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកធ្វើការវាស់វែង ដល់កន្លែងកើតហេតុ និងបាននាំយករថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។