ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៧១នាក់ ដែលប្រមូលមកពី បណ្តាខណ្ឌ ទាំង១២ ក្នុងរាជធានីភ្នំពេញ ត្រូវបានធ្វើការបង្ហាញមុខជាសាធារណៈ នៅការិយាល័យប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធករណីរក្សាទុក បិតបាំង ប្រើប្រាស់និងជួញដូរ គ្រឿងញៀនក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការរង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅការិយាល័យកណ្តាល ប្រឆាំងបទល្មើស ផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍សមត្ថកិច្ច លទ្ធផលប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដែលមានខណ្ឌទាំង១២ និង ការិយាល័យ ធ្វើការចុះបង្ក្រាបជាលក្ខណៈទ្រុងទ្រាយធំតែមួយថ្ងៃជាលទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបមាន១២ករណី សរុបឃាត់ខ្លួនចំនួន៧១នាក់ ដោយឡែក១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច និង បន្តទៅមណ្ឌលកែប្រែ ដើម្បីបន្សាបសារធាតុញៀន ព្រមទាំងស្តារនីតិសម្បទា ។
លោក ព្រុំ សន្ធរ ស្នងការរងនៃការិយាល័យប្រឆាំងគ្រឿងញៀន បានប្រាប់អោយដឹងថា ប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ សរុបឃាត់ខ្លួនបាន៧១នាក់ រួមទាំងដាវសាំម៉ូរ៉ៃ ដបទឹកបរិសុទ្ធ ថ្នាំញៀនចំនួន៣៦កញ្ចប់តូចនិង៩កញ្ចប់ធំ ព្រមទាំងឧបករណ៍កែច្នៃមួយចំនួនទៀត ។ លោកបានបន្តថា មានយុវជនញៀនគ្រឿងញៀននៅខណ្ឌពោធិសែនជ័យ បានចូលមកសារភាព ដើម្បីអោយខាងសមត្ថកិច្ច និង អាជ្ញាធរ បញ្ជូនទៅបន្សាបសារធាតុញៀន ហើយ ស្តារនីតិសម្បទា នេះជាគំរូដល់ណាយុវជន ក៏អាណាព្យាបាលនានាមានសមាជិកញៀនគ្រឿងញៀន អាចបញ្ជូនទៅមន្ទីរសង្គមកិច្ច ឬ មណ្ឌលកែប្រែ ដើម្បីអនាគតពួកគាត់ ។
ជាចុងក្រោយលោក ព្រំ សន្ធរ បានបញ្ជាក់ថា កម្លាំងនរគបាលជំនាញនៅតែបន្តធ្វើការបង្ក្រាបដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ដោយផ្តោតទៅលើការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតទៅដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ យោងទៅតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕