ខេត្តស្វាយរៀង៖ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧ ដោយអនុវត្តតាមផែនការលេខ ០០១ ចុះថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ នៅក្រុងបាវិត និង ក្រុងស្វាយរៀងរយៈពេល ០៣ ថ្ងៃ របស់គណៈបញ្ជាការឯកភាពខេត្តមានឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងដឹកនាំ ,លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានចុះដឹកនាំបញ្ជាកងកម្លាំងផ្ទាល់ សហការជាមួយកំលាំងកងរាជអាវុធហត្តខេត្ត ដើម្បីរៀបចំសណ្តាប់ធ្នាប់ រថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ រថយន្តទេសចរណ៍ លើទ្រូងផ្លូវតាមបណ្តោយផ្លូវជាតិលេខ១ ខាងមុខតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងស្វាយរៀង ក្រុងបាវិត និងបានធ្វើពិធីផ្សព្វផ្សាយអប់រំដល់អ្នកបើកបររថយន្តដឹកកម្មករ។
តាមប្រសាសន៍លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរ បាលខេត្តបានបញ្ជាក់អោយដឹងថាយុទ្ធនាការឈរលើទ្រូងផ្លូវ សម្រួលចរាចរណ៍ កុំអោយមានការកកស្ទះ នៅពេលម៉ោងរថយន្តដឹកកម្មករកម្មការិនីចូលធ្វើការនិងចេញពីធ្វើការនេះមានរយ:ពេលបីថ្ងៃ ដោយប្រើប្រាស់កម្លាំងសរុប២៦៥ នាក់ មានគោលដៅសំខាន់ៗតាមបណ្តោយផ្លូវជាតិលេខ១ មុខរោងចក្រលូថៃ ក្រុងស្វាយរៀង មុខតំបន់សេដ្ឋកិច្ចសានតុង នាគរាជ តាយសេង តាយសេង១ និង តំបន់សេដ្ឋកិច្ចពិសេសមេនហាតធានក្នុង ក្រុងបាវិត ។ ជាពិសេសលោកឧត្តមសេនីយ៍ ស្នងការ ក៏បានចុះទៅប្រជុំផ្សព្វផ្សាយ ពន្យល់ពីច្បាប់ចរាចរណ៍ ដល់អ្នកបើករថយន្តដឹកកម្មករដោយផ្ទាល់ ដើម្បីអោយអ្នកបើកបរគ្រប់រូបមានការយល់ដឹងពីច្បាប់ចរាចរណ៍ លក្ខណៈបច្ចេកទេសរថយន្ត ដែលអ្នកបើកបរត្រូវមានក្រមសីលធម៌ក្នុងការបើកបរជែងគ្នាហើយចេះយោគយល់គ្នា បើកបរមានសណ្តាប់ធ្នាប់និងរបៀបរៀបរយនិងត្រូវប្រកាន់ស្តាំជានិច្ច ដើម្បីបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ។
គួររំលឹកផងដែរថា មុនថ្ងៃចុះយុទ្ធនាការនេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក៏បានធ្វើការហ្វឹកហាត់ពីរបៀបបញ្ជានិងសម្រួលយានយន្ត ដល់កងកម្លាំង និងមានបំពាក់ឧបករណ៍ សម្ភារ:ដូចជា ឯកសណ្ឋាន កញ្ជែ ពិលចរាចរណ៍ និងសាជី ដែលជាការច្នៃប្រឌិតរបស់លោកឧត្តមសេនីយ៍ ស្នងការ។