រាជធានីភ្នំពេញ ៖ បុរសម្នាក់ឆ្លៀតពេលថ្ងៃអាទិត្យទំនេរ បានកុហកប្រពន្ធរបស់គាត់ថា ទៅជួសជុលម៉ាស៊ីនទឹកកកឲ្យគេនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈនោះន្រពន្ធមិនបានថាអ្វីនោះឡើយ គឺបានជឿជាក់ទៅលើលោកប្ដីទាំងស្រុង លុះក្រោយពេលបើករថយន្តចាកចេញផុតពីផ្ទះ បុរសខាងលើបានទៅដឹកស្រីស្នេហ៍ទៅដើរលេងកម្សាន្តនៅឯខេត្តកំពតយ៉ាងរំភើយ។ ប៉ុន្តែអ្វីដែលជាការសប្បាយក្លាយទៅជាទុក្ខនោះគឺ នៅក្នុងពេលកំពុងដឹកស្រីស្នេហ៍ សាសងយ៉ាងផ្អែមល្ហែមនៅក្នុងរថយន្ត ស្រាប់តែត្រូវបានសាច់ញាតិខាងប្រពន្ធប្រទះឃើញក៏បានលួចថតរូបទុកជាភស្តុតាង ព្រមទាំងបានខលប្រាប់ប្រពន្ធឲ្យដឹង។
មិនតែប៉ុណ្ណោះ ថែមទាំងបានបាញ់រូបថត របស់គាត់ និងស្រីស្នេហ៍កំពុងស្ថិតនៅជាមួយគ្នានោះទៅឲ្យប្រពន្ធរបស់គាត់ទៀតផង បន្ទាប់មកស្ត្រីជាប្រពន្ធបាននាំកូនប្រុសស្រីរបស់ខ្លួន ជិះរថយន្ត១គ្រឿងទៅតាម ហើយនៅពេលប្រទះឃើញច្បាស់នឹងភ្នែកទើបនាំគ្នាតាម និងឃាត់បាន ហើយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលកាកាប ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា បុរសជាប្តីនោះឈ្មោះ វ៉េង ឈឿន អាយុ៥៩ឆ្នាំ មុខជាងជួសជួលម៉ាស៊ីនផលិតទឹកកក ចំណែកស្ត្រីជាប្រពន្ធដើមឈ្មោះ ប៊ុត ចាន់ធឿន អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកស្រីស្នហ៍បណ្ដូលចិត្តដែលប្ដីគាត់ដឹកដើលេង នោះ ឈ្មោះ ម៉ម ផល្លី អាយុ៣៤ឆ្នាំ មុខរបរជាងកាត់ដេរ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពេលតាមទាន់បុរសជាប្ដី កំពុងស្ថិតនៅក្នុងរថយន្តជាមួយនឹងស្រីស្នេហ៍ បែបនេះបានធ្វើឲ្យស្ត្រីជាប្រពន្ធដើម មានកំហឹងខ្លាំងណាស់ស្ទើរតែគាំងបេះដូងស្លាប់ ហើយបានឃាត់រថយន្ត របស់ប្ដី រួចបាននាំចូលមកកាន់ប៉ុស្ដិ៍កាកាប ហើយបានជជែកគ្នាយ៉ាងតឹងសសៃករៀងៗខ្លួន។
នគរបាលបានឲ្យដឹងថា ក្រោយពេលបានជួបមុខគ្នា ភាគីទាំងសងខាង គីប្ដី និងប្រពន្ធបានជជែកគ្នាយ៉ាង តឹងសសៃក និងបានឈ្លោះប្រកែកគ្នាបែកផ្សែងពេញប៉ុស្តិ៍តែម្ដង ហើយស្ត្រីជាប្រពន្ធដើម បានជេរនាងដែលជាស្ត្រីស្នេហ៍ប្ដីនោះយ៉ាងចាស់ដៃ ហើយនាងម្នាក់នោះក៏បាន តបតវិញខ្លះៗដែរ។ ដោយសារតែខ្លាចមាន អំពើហិង្សាកើតឡើង ទើបនគរបាលប៉ុស្ដិ៍កាកាប បានធ្វើការសម្របសម្រួលឲ្យអ្នកទាំងអស់គ្នានោះ នាំគ្នាស្ងប់ស្ងាត់ និងទៅដោះស្រាយគ្នានៅសាលាស្រះចក ខណ្ឌដូនពេញវិញ ព្រោះពួកគាត់រស់នៅទីនោះ ទើបពេលនោះមានការស្ងប់ស្ងាត់ ហើយស្ត្រីជាប្រពន្ធបាននិយាយថា គាត់នឹងលែងលះគ្នាជាមួយប្ដីនោះមិនយក ទៀតទេ ចំណែកបុរសជាប្ដីបានសុំឲ្យប្រពន្ធដើមគាត់ទៅផ្ទះវិញសិនទៅ។ បន្ទាប់មកបុរសនោះ និងស្រីស្នេហ៍ បានជិះរថយន្តទៅបាត់ ចំណែកស្ត្រីជាប្រពន្ធដើមបានជិះរថយន្តទៅតាមក្រោយដែរ៕