ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ៖​បញ្ជា​ឲ្យ ចាត់វិធានការ​លើ​មន្ត្រីនគរបាល​បាញ់បោះ នៅ​បុរី​សម្បត្តិ​មាន​ហេង

20-March-2017 | ដោយ ពល បញ្ញា


(​ភ្នំពេញ​)៖ ឯកឧត្តម  នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា ចំពោះ​មន្ត្រីនគរបាល ដែល​បាញ់បោះ​សេរី​ក្នុង​បុរី​សម្បត្តិ​មាន​ហេង នៅ​ខណ្ឌ​ច្បារអំពៅ​នោះ លោក​បាន​បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់់វិធានកា​រហើយ​មិន​ឲ្យ​រួចខ្លួន​នោះទេ​។​
នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែងថា ចំពោះ​ករណីនេះ​បើសិន​ពិនិត្យ​ទៅ អាច​ទទួលទោស​តាម​វិន័យ​កងកម្លាំង យើង​នឹងធ្វើ​ដោះស្រាយ​តាម​នេះ តែបើ​សិន​ពិនិត្យ​ទៅ​មាន​ប្រវត្តិ​មិនល្អ នឹង​ឲ្យ​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ យ៉ាងណាក៏ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏​មិនទាន់​ច្បាស់​ទេ​ថា តើ​ជននេះ​ត្រូវបាន​ចាប់ខ្លួន​ហើយ​ឬ​នៅ ពីព្រោះ​កម្លាំង​នគរបាល​កំពុងធ្វើការ​នេះហើយ​។​


​មន្ត្រីនគរបាល​ម្នាក់​បម្រើ​ការងារ នៅ​នាយកដ្ឋាន​ស្ថិតិ​ប្រជាពលរដ្ឋ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ដោយសារ​តែមាន​ជម្លោះ​ជាមួយ ប្រពន្ធ​របស់ខ្លួន​ពេល​កំពុង​ច្រៀង​ខារ៉ាអូខេ ក៏បាន​ទាញ​កាំភ្លើង AK-47 បាញ់រះ​ជិត​១០​គ្រាប់​នៅក្នុង​បុរី «​សម្បត្តិ​មាន​ហេង​» មុខផ្ទះ​លេខ​២៦៤ ផ្លូវ​លេខ​៣ ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រហូតមកដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​នេះ មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ​។​
​យោងតាម​របាយការណ៍ របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៥៖៤០​នាទី ល្ងាច​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៧ បង្កឡើង​ដោយ​មន្ត្រីនគរបាល​នាយកដ្ឋាន​ស្ថិតិ​ប្រជាពលរដ្ឋ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ លោក ស្វាយ ពិសិដ្ឋ អាយុ​៣៤​ឆ្នាំ​។​
​បើតាម​របាយការណ៍ មុនពេល​កើតហេតុ​ជនសង្ស័យ និង​មិត្តភក្តិ​២​នាក់​ទៀត បាននាំគ្នា​ផឹកស្រា​បៀរ នៅផ្ទះ​ជនសង្ស័យ​អស់​មួយ​កេះ រួច​ក៏​នាំគ្នា​ជិះ​រថយន្ត​ម៉ាក Toyota HighLander ពណ៌​ស ពាក់​ស្លាក​លេខ​នគរបាល (​មិន​ចាំ​ស្លាក​លេខ​) ចេញទៅ​ក្រៅ​បាត់​។​


​លុះដល់​ម៉ោង​១៧​និង​៤០​នាទី ថ្ងៃ​ដដែល​ជនសង្ស័យ ក៏​ជិះ​រថយន្ត​ត្រឡប់មកផ្ទះ​វិញ​ម្នាក់ឯង ពេលនោះ​ប្រពន្ធ​របស់​ជនសង្ស័យ ក៏​ហៅ​ជនសង្ស័យ​ទៅ​ផឹកស្រា និង​ច្រៀង​ខារ៉ាអូខេ ជាមួយ​អ្នកជិតខាង រួច​ក៏មាន​ទំនាស់​ពាក្យសម្តី​គ្នា ហើយ​ជនសង្ស័យ​ក៏​យក​អាវុធ​វែង​ម៉ាក AK-៤៧(​មិនដឹង​លេខ​)​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់ រួច​ក៏​យក​អាវុធ​ដាក់​ក្នុង​រថយន្ត ជិះ​គេចខ្លួនបាត់​។​


​ក្រោយ​កើតហេតុ​សមត្ថកិច្ច​យើង បាន​ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ រកឃើញ​សំបក​គ្រាប់​អាវុធ​វែង (AK) ០៥​សំបក ទុក​ធ្វើជា​វត្ថុតាង​។ យ៉ាងណាក៏ដោយ​សម្រាប់​ហេតុការណ៍​បាញ់បោះ​នេះ មិន​បណ្តាល​ឲ្យ​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ ណា​ម្នាក់​នោះទេ​។​


​បើតាម​ប្រជាពលរដ្ឋ នៅក្បែរ​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ជននេះ​ធ្លាប់​បាញ់បោះ​ផងដែរ ប៉ុន្តែ​មិនឃើញ​មាន​ចំណាត់ការ របស់​សមត្ថកិច្ច​នោះឡើយ​។ ចំពោះ​ករណីនេះ កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​សហការ​ជាមួយ​កម្លាំង​នគរបាល មូលដ្ឋាន​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាត់ការ​បន្តទៀត​៕

ចំនួនអ្នកទស្សនា

    20602547

  • ថ្ងៃនេះ15111
  • ម្សិលមិញ11441
  • សប្តាហ៍នេះ44941
  • ខែនេះ160091
  • ឆ្នាំនេះ160091
  • សរុប20602547