បាត់ដំបង ៖ ជនរងគ្រោះ២នាក់ត្រូវក្រុមជនល្មើសប្រើកាំភ្លើងអាកាស្វាយបត់និងពូថៅបាញ់និងវាយប្លន់បានសម្រេចនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩និង៣០នាទីព្រឹក នៅចំណុចអាងសំរោងក្នុងភូមិសាស្ត្រភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ អឿម ទិត្យ អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ហួត ឈឿង ភេទប្រុស អាយុ ៤២ឆ្នាំ មានមុខរបរជាអ្នករកស៊ីទិញម៉ូតូ រស់នៅភូមិច្រនៀង ឃុំគោគឃ្មុំ ស្រុកថ្មគោល ត្រូវបានបាញ់ចំដើមទ្រូងឆ្វេង ១គ្រាប់ស្លាប់នៅនិងកន្លែង និងទី២-ឈ្មោះ រឿន រិត ភេទប្រុស អាយុ ៣៦ឆ្នាំ ស្រុកកំនើតនៅខេត្តពោធិសាត់ ទើបតែមកពីថៃបច្ចុប្បន្នរស់នៅស្រុកកំណើតខាងប្រពន្ធ ក្នុងភូមិច្រនៀង ឃុំគោគឃ្មុំ ស្រុកថ្មគោល ដូចជនរងគ្រោះទី១ដែរ។ ជនរងគ្រោះឈ្មោះរិត ស្លាប់មានស្នាមកាប់ចំក្បាលជាច្រើនកន្លែង។ លោកអធិការបានបញ្ជាក់អោយដឹងថា ជនល្មើសបានធ្វើការប្លន់យកអស់ម៉ូតូ ១គ្រឿង ម៉ាកវេវអាល់ហ្វា ស៊េរីឆ្នាំ២០១៦ ពណ៌ស។
ករណីនេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបវេល សហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ត បានពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ យិន សារ៉េន ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល មកសាកសួរ (ឃាត់តាមរយ:លេខទូរស័ព្ទរបស់ជនរងគ្រោះចុងក្រោយ) ៕