ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត អំពាវនាវ​ឲ្យ​ពលរដ្ឋ ខ្មែរ​ប្រុងប្រយ័ត្ន​ទៅលើ ទិញ​ទំនិញ​ថៃ​ផ្សារ​តា​ឡាត់​ណាត់​

10-July-2017 | ដោយ ពល បញ្ញា

​បន្ទាយមានជ័យ ៖ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ លោក ស៊ាន ស៊ី​ណាត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​ខ្មែរ​នៅ​ខេត្ត​បន្ទាយមានជ័យ​ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ សូម​មានការ​ប្រុងប្រយ័ត្ន​ទៅលើ​ការទិញ​ទំនិញ​ថៃ​ផ្សារ​តា​ឡាត់ណាត់​នៅ​ជាប់​ព្រំដែន យក​ប្រើប្រាស់​ឬ​យក​មក​លក់​ចែកចាយ​បន្ត​នៅ​ដី​ខ្មែរ ប្រយ័ត្ន​ទិញ​ទំនិញ​ខូច​គុណភាព​និង​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ បង្ក​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​។ ក្រោយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទំនិញ​នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន​ម៉ាឡៃ ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ ឈម​និង​ច្រក​ណង​ព្រឺ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ រកឃើញ​និង​ដកហូត​ទំនិញ​ថៃ​ជា​ច្រើន​មុខ​ហួស​កាលកំណត់​ប្រើប្រាស់​ហាមឃាត់​ខុសច្បាប់​និង​ទំនិញ​គ្មាន​សុវត្ថិភាព ដែល​អាជីវករ​ខ្មែរ​នៅ​ក្បែរ​ច្រកទ្វារ​ព្រំដែន​ម៉ាឡៃ ចូល​ទិញ​ទំនិញ​ទាំងនោះ​ពី​ផ្សារ​ថៃ​យកមក​លក់​ចែកចាយ​នៅ​ដី​ខ្មែរ​។​

 

​បើ​តាម​ការអះអាង​របស់​អាជីវករ​ខ្មែរ​នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន​ម៉ាឡៃ​ប្រាប់ឲ្យដឹង​ថា ទំនិញ​ដែល​មន្ត្រី​ជំនាញ​រកឃើញ​ហួស​កាលកំណត់​ប្រើប្រាស់​ពួក​គាត់​ចូល​ទិញ​ពី​ផ្សារ​ថៃ ដោយ​មិន​បាន​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់​នោះ​ឡើយ​។ ទំនិញ​ទាំងនោះ​អាជីវករ​ថៃ​តាំង​លក់​នៅ​ផ្សារ​តា​ឡាត់​ណាត់ រៀង​រាល់​មួយ​សប្តាហ៍​២​ដង គឺ​លក់​នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃ​អង្គារ៍​។ ការបើក​លក់ ក្នុង​មួយ​សប្តាហ៍​២​ថ្ងៃ​ទំនិញ​ថៃ​ផ្សារ​តា​ឡាត់​ណាត់ មាន​ប្រជាពលរដ្ឋ​និង​អាជីវករ​ខ្មែរ​មួយចំនួន​បាន​នាំគ្នា​ចូល​ទៅ​ទិញ​ទំនិញ​ថៃ​យកមក​ប្រើប្រាស់​និង​យក​លក់​ចែកចាយ​បន្ត ដោយ​មិន​ដឹង​និង​មិន​បាន​ចាប់អារម្មណ៍​ថា​ទំនិញ​ទាំងនោះ​ហួស​កាលកំណត់​ប្រើប្រាស់​នោះឡើយ​។​

 

​សូមបញ្ជាក់​ថា​ទំនិញ​ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​សហការ​ជាមួយ​និង​នគរបាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដកហូត​បាន​ទំនិញ​ខូច​គុណភាព និង​ហួស​កាលកំណត់​ប្រើប្រាស់ នៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព ផលិផ​ល​និង​ទំនិញ​ម្ហូបអាហារ នៅ​ច្រក​ទ្វារ​ព្រំដែន​ស្រុក​ម៉ាឡៃ​រួមមានៈ ទឹកក្រូច​ដប​តូច​ថៃ​៦៥​ដប​, ទឹក​ផ្លែឈើ​ថៃ​៦៦​ដប​, តំណាប់​កន្ទួត​ថៃ​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​៨​គីឡូក្រាម​, កំទេច​មី​ថៃ​៤​គីឡូក្រាម​, អាស៊ីត​រូប​សញ្ញា​ទន្សាយ​ថៃ ៦​ដប​, ឡេ​ថៃ​លាប​ស្បែក​ឲ្យ​ស​១២​កំប៉ុង​, ទឹកដោះគោ​ថៃ ២​លីត្រ និង​ផលិតផល​ម្ហូបអាហារ​ផលិត​នៅ​ក្នុងស្រុក​មួយ​ចំនួន​ធំ​ផងដែរ​។​


​ ​
​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ឲ្យដឹង​ថា​ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋា​កាំកុងត្រូ​ល​កម្ពុជា លោក ម៉ក់ ពេជ្ជ​រិទ្ធ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ​តែងតែ​យកចិត្តទុកដាក់​ធ្វើ​ការបង្ការ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​រាល់​ទំនិញ ខូច​គុណភាព និង​ទំនិញ​ហាមឃាត់​ខុសច្បាប់​ទាំង​នៅលើ​ទីផ្សារ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​នៅ​តាម​មាត់​ច្រក​ទ្វារ​ព្រំដែន ដើម្បី​ចូលរួម​លើក​កំពស់​សុខមាលភាព​ប្រជាពលរដ្ឋ​តាមរយៈ​នៃ​ការចុះ​ពង្រឹងគុណភាព សុវត្ថិភាព​ផលិតផល និង​ទំនិញ​ម្ហូបអាហារ​។​

 

​ ​
​លោក​បញ្ជាក់​ឲ្យដឹង​ទៀតថា ពាក់ព័ន្ធ​និង​សុវត្ថិភាព​ម្ហូបអាហារ​នេះ​ដែរ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏​តែងតែ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​សិស្សានុសិស្ស​តាម​គ្រឹះស្ថាន​នានា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ និង​អាជីវករ ក៏​ដូច​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​យល់ដឹងកាន់​តែ​ច្បាស់លាស់​ស្តីពី​សុវត្ថិភាព​និង​ផលប៉ះពាល់​គ្រោះថ្នាក់​សុខភាព​នូវ​ទំនិញ​ខូច​គុណភាព ទំនិញ​គ្មាន​សុវត្ថិភាព ដើម្បី​ឲ្យ​ពួក​គាត់​យល់​ដឹង​ហើយ​ចូលរួម​ទប់ស្កាត់​និង​បញ្ឈប់​រាល់​ការទិញ​ទំនិញ​ដែល​គ្មាន​សុវត្ថិភាព និង​គ្មាន​គុណភាព​នោះ ៕ 
​ ​

ចំនួនអ្នកទស្សនា

    20602147

  • ថ្ងៃនេះ14711
  • ម្សិលមិញ11441
  • សប្តាហ៍នេះ44541
  • ខែនេះ159691
  • ឆ្នាំនេះ159691
  • សរុប20602147