ប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៧ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

11-July-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគ.ជ.ប.ជ បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រជុំ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីនៅទីស្តីការក្រសួងមហាផ្ទៃ។

 


ក្នុងឆមាសទី១ ឆ្នាំ២០១៧ ស្ថានភាពបទល្មើសជួញដូរមនុស្សត្រូវបានរកឃើញ និងបង្ក្រាបជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ ក៏លេចចេញនូវបទល្មើសជួញដូរសរីរាង្គនិងបទអន្តរការីអំពើពពោះជំនួសដើម្បីនាំយកទារកចេញទៅក្រៅប្រទេស ដែលជាសញ្ញាណថ្មី ពាក់ព័ន្ធនឹងបទល្មើស រត់ពន្ធឬជួញដូរទារកឆ្លងដែន។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោះស្រាយនិងបង្ការទប់ស្កាត់ជាបន្ទាន់ដោយចាប់ផ្តើមកសាងច្បាប់ថ្មី ដើម្បីគ្រប់គ្រងសកម្មភាពជំនួសឲ្យបានឆាប់។

 


ដោយឡែកចំណាកស្រុកឆ្លងដែន ឬទេសន្តរប្រវេសន៍ ក៏មានស្ថានភាពមិនប្រក្រតី ដោយមានប្រជាពលរដ្ឋសម្រុកចេញទៅធ្វើការនៅប្រទេសថៃរហូតដល់ជាងមួយលាននាក់ ក្នុងនោះស្ទើរតែ៧០% មិនមានការបញ្ជូនតាមផ្លូវច្បាប់ ដូចកិច្ចព្រមព្រៀងកម្ពុជាថៃ ឆ្នាំ២០០៣បានកំណត់នោះទេ។ ដើម្បីកាត់បន្ថយរងគ្រោះនិងការកេងប្រវ័ញ្ចលើពលករ រាជរដ្ឋាភិបាលកម្ពុជាតែងបានសហការជាមួយរាជរដ្ឋាភិបាលថៃដើម្បីដោះស្រាយដោយផ្តល់ភាពស្របច្បាប់ជូនពលករជាបន្តបន្ទាប់។ ទោះបីជាយ៉ាងនេះក្តី ក៏នៅមានពលករប្រមាណជា ៣០ម៉ឺននាក់ទៀតដែលមិនទាន់មានឯកសារច្បាប់។ ថ្មីៗរាជរដ្ឋាភិបាលថៃ បានចេញគោលការណ៍ច្បាប់រឹតបណ្តឹងចំពោះពលករបរទេសដែលរស់នៅនិងធ្វើការខុសច្បាប់ តែត្រូវបានពន្យាពេលអនុវត្តក្នុងរយៈពេល ៦ខែ ដើម្បីរៀបចំឲ្យពលករបំពេញបែបបទឯកសារច្បាប់ជាពិសេសលិខិតឆ្លងដែន ឲ្យទាន់ពេលវេលា និងការសម្របសម្រួលដោះស្រាយតម្រូវការបណ្ណោះអាសន្ន ចំពោះពលករដែលត្រូវបញ្ជូនត្រឡប់ឬត្រឡប់មកវិញ ដោយសារមូលហេតុផ្សេងៗនៅតាមច្រកព្រំដែន និងតាមបណ្តាសហគមន៍។

 


គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាសេនាធិការបានបន្តសម្របសម្រួលពង្រឹងកិច្ចសហការជាមួយដៃគូជាតិនិងអន្តជាតិពាក់ព័ន្ធប្រមូលកម្លាំងចូលរួមរបស់ក្រសួងស្ថាប័នមន្ទីរអង្គភាព រាជធានី-ខេត្ត ពាក់ព័ន្ធដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងរកដំណោះស្រាយបញ្ហាប្រឈមនានា។

 


ទិសដៅឆមាសទី២ ឆ្នាំ២០១៧ ៖ បន្តពង្រឹងកិច្ចសហការទូលំទូលាយតាមរយៈការជួបប្រជុំពិភាក្សា បង្កើតសកម្មភាពផ្អែកលើយុទ្ធសាស្ត្ររួមដែលបានកំណត់និងចូលរួមបែងចែកភារកិច្ចពង្រាយកម្លាំងនិងការទទួលខុសត្រូវឆ្ពោះទៅកាន់គោលដៅរួមគឺការបង្ការទប់ស្កាត់ឈានទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព, ពង្រឹងប្រសិទ្ធនៃការអនុវត្តវិធានការជាអាទិភាព ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាពជាអាទិ៍៖ អំពើជួញដូរនិងកេងប្រវ័ញ្ចកម្លាំងពលកម្ម ជួញដូរផ្លូវភេទ និងដកហូតសរីរាង្គជួញដូរនិងរត់ពន្ធទារកនិងកុមារឆ្លងដែនការពពោះជំនួស ការជួញដូរពលកម្ម ក្នុងឧស្សាហកម្មនេសាទសមុទ្រ....។ល។ ក្នុងព្រះរាជាណាចក្រកម្ពុជានិងទៅលើប្រជាជនកម្ពុជា, រៀបចំសកម្មភាពសម្រាប់ការអនុវត្តផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(ពាក់កណ្តាលអាណត្តិទី២ (២០១៧-២០១៨), ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ឥណ្ឌានិងជាមួយប្រទេសពាក់ព័ន្ធដទៃទៀត, ត្រៀមកិច្ចប្រជុំពិគ្រោះយោបល់រវាងប្រទេសបញ្ជូននិងប្រទេសទទួល(ថៃ, ម៉ាឡេស៊ី....), ដើម្បីពង្រឹងកិច្ចសហការចែករំលែកការទទួលខុសត្រូវនិងការពារផលប្រយោជន៍ពលករ ជាពិសេសពលករក្នុងឧស្សាហកម្មនេសាទព្រមទាំងនិយោជករវាងប្រទេសបញ្ជូននិងប្រទេសទទួលប្រកបដោយសមធម៌, គាំទ្រនិងពង្រឹងសមត្ថភាពជំនាញពាក់ព័ន្ធគ្រប់ផ្នែក ដល់មន្ត្រីជំនាញ ពង្រឹងការគ្រប់គ្រងរបៀបរបបការងាររបស់ក្រុមការងារនិងលេខាធិការដ្ឋានរាជធានី/ខេត្ត, បន្តផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាពនិងប្រើគ្រប់លទ្ធភាពនិងធនធានដើម្បីលើកកម្ពស់ការយល់ដឹងជាសាកល អំពីការជួញដូរមនុស្សនិងបទល្មើសពាក់ព័ន្ធដទៃទៀត ឲ្យបានដល់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវវ័យ ក្នុងសាលារៀននិងក្រៅសាលារៀន និងជនដែលងាយរងគ្រោះ, បន្តរៀបចំសកម្មភាពបណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះនៅតាមបណ្តាក្រសួងស្ថាប័ន អង្គការដៃគូក្នុងស្រុកនិងមន្ត្រីប្រចាំស្ថានទូតកម្ពុជាក្នុងគោលដៅព្រមទាំងចុះតាមដានការអនុវត្ត, បន្តតាមដានលទ្ធផលនិងប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគីនិងគាំទ្រដល់ការ អនុវត្តអនុសញ្ញាអាស៊ានប្រឆាំងការជួញដូរមនុស្សដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧, ជំរុញតាមដានត្រួតពិនិត្យក្រុមហ៊ុន បញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ឲ្យអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ, បន្តរៀបចំវិធានការ គ្រប់គ្រងលំហូរ ពលករទេសន្តរប្រវេសន៍ការងារឆ្លងដែនមិនប្រក្រតី(គោរពតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ), ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេសការពង្រឹងកិច្ចសហការក្នុងការជួយគ្នាទៅវិញមក ក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ជាមួយប្រទេសពាក់ព័ន្ធ, បន្តចូលរួមអនុវត្តយ៉ាងសកម្មគោលនយោភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋភិបាល ៕

 

ចំនួនអ្នកទស្សនា

    20603417

  • ថ្ងៃនេះ15981
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45811
  • ខែនេះ160961
  • ឆ្នាំនេះ160961
  • សរុប20603417