កោះកុង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយ ម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០៦និង៣០ លើផ្លូវ ៤៨A ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦-៧ ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភព ៣D -៤៤០០១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅ ពីកើតទៅលិចស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេចង្កូត ដោយចាប់ហ្រ្វាងមិនទាន់ ក៏បានបុកបុរសម្នាក់ ជិះម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ។ ស្រាប់តែពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ៣A -៣៨៩២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរយ៉ាងលឿនក្នុងទិសដៅបញ្រ្ចាសគ្នាបានគេចហើយក៏ ក្រឡាប់ផ្ងារជើងនៅនិងកន្លែងកើតហេតុតែម្តង។ ចំណែកឯម្ចាស់រថយន្តទាំង០២គ្រឿងរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបានបន្តថា ជនរងគ្រោះ ឈ្មោះ តឿង ហួត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ខេត្តកោះកុង។
បច្ចុប្បន្ន ជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ រីឯវត្ថុតាងម៉ូតូនិងរថយន្ត ទាំង០២គ្រឿង ត្រូវកម្លាំងជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនិតិវីធី៕