​ប៉ុស្តិ៍​ប៉ម​ឆ្មាំ​សមុទ្រ នៅ​ឆ្នេរ​អូរ​ឈើទាល ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ដោយសារ​ភ្ញៀវ​ទេសចរណ៍​ដុត​គោម ហោះ​ធ្លាក់​លើដំបូល​

13-July-2017 | ដោយ ពល បញ្ញា

ព្រះសីហនុ ៖ មាន​អគ្គីភ័យ​មួយ​បាន​កើតឡើង នៅ​ឆ្នេរ​អូរ​ឈើទាល សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ម្តុំ​បន្ទាយ​ប៉េអឹម​ចាស់ បណ្តាល​ឲ្យ​ឆេះ​ប៉ម​យាម​ឆ្មាំ​សមុទ្រ​មួយ ស្ទើរ​អស់ទាំង​ស្រុង សង់​អំពី​ឈើ​ប្រក់​ស្បូវ នៅ​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧​។

​លោក​វរសេនីយ៍ទោ​ប៉ោ ប៊ុណ្ណា​រ៉ា នាយការិយាល័យ​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​អគ្គីភ័យ​នេះ​កើតឡើង ដោយសារ​មាន​ភ្ញៀវទេសចរ​ម្នាក់ បាន​ដុត​គោម​បង្ហោះ​លេង ហើយ​ត្រូវ​ខ្យល់​ផាត់​រសាត់ មក​ធ្លាក់​លើដំបូល​ប៉ម​យាម ដែល​ប្រក់​ស្បូវ បណ្តាល​ឲ្យ​ឆាបឆេះ​តែម្តង​។ ហើយ​ភ្ញៀវ ទេសចរណ៍​ម្នាក់​នោះ ក៏បាន​ដើរគេច​បាត់ទៅ​។​

​លោក​ប៉ោ ប៊ុណ្ណា​រ៉ា បាន​បញ្ជាក់ថា ដោយសារតែ​កន្លងមក​ធ្លាប់មាន​គ្រោះថ្នាក់ ដោយសារ​ការដុត​ផាវ កាំជ្រួច គោមហោះ​យ៉ាង​នេះហើយ ទើប​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត បានដាក់​បទបញ្ជារ ឲ្យ​សមត្ថកិច្ច​ហាមឃាត់ នូវ​ការលេង​ល្បែង ប្រកបដោយ គ្រោះថ្នាក់​បែបនេះ​។​

 ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ណុប បញ្ញា ស្នងការរង​ទទួល​ការងារ​នគរបាល​ទេសចរណ៍ និង​ចរាចរណ៍​ផ្លូវទឹក បាន​ឲ្យ​ដឹងថា​កន្លងមក​លោក​បាន​ធ្វើ​របាយការណ៍ អំពី​បញ្ហា​គ្រោះថ្នាក់ នៃ​ការលេង​ល្បែង ដុត​ផាវ​,​កាំជ្រួច​,​និង​គោមហោះ ជូន​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​លោក​បាន​ជ្រាប​អំពី​បញ្ហា​គ្រោះថ្នាក់​ទាំងនេះ​រួចហើយ និង​ស្នើសុំ​គោលការណ៍​ខេត្ត ចេញ​សារាចរ ឬ ការណែនាំ ឬ​ការហាមឃាត់ ជា​ផ្លូវការ​មួយ​ច្បាស់លាស់ ដើម្បី​យកមកអនុវត្ត​។ តើ​ទីកន្លែង​ណា​គួរ​ឲ្យ​ដុត ឬ​មិនត្រូវ​ឲ្យ​ដុត អ្នក​ល្មើស​និង​ការហាមឃាត់ ត្រូវ​មានទោស​កម្រិតណា ?

 លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ណុប បញ្ញា បាន​បញ្ជាក់ថា កន្លងមក​ការចាប់​កាំជ្រួច ផាវ គោមហោះ​នេះ មានការ​ប៉ះទង្គិច ប្រទាំង​ប្រទើស ជាមួយ​ក្រុមអាជីវករ ជា​ញឹកញាប់ ជា​ផល​លំបាក​មួយ​ផងដែរ បើ​យើង​មិនមាន​គោលការណ៍​ច្បាប់​មួយ កំណត់​ច្បាស់លាស់ ៕

 

 

ចំនួនអ្នកទស្សនា

    20603487

  • ថ្ងៃនេះ16051
  • ម្សិលមិញ11441
  • សប្តាហ៍នេះ45881
  • ខែនេះ161031
  • ឆ្នាំនេះ161031
  • សរុប20603487