កោះកុង ៖ បុរសម្នាក់ត្រូវរថយន្តបុកស្លាប់នៅហ្នឹងកន្លែងកើតហេតុនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចកន្លែងលក់សំបុត្ររថយន្ត និងទោចក្រយានយន្ត ស្ពានព្រែកកោះប៉ោ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្ក បើកបរពីលិចទៅកើត លុះដល់ចំណុចខាងលើ ក៏ឈប់ដើម្បីបង់លុយថ្លៃឆ្លងស្ពាន គ្រានោះរថយន្ត មិនទាន់បានឈប់ទេ ដោយសារជាន់ ហ្វ្រាំងមិនស៊ីបើកគេចចេញពីម៉ូតូ១គ្រឿងទៀត កំពុងឈប់បង់លុយដូចគ្នា ហើយក៏បានបុកសន្តិសុខម្នាក់ កំពុងឈយាមនៅទីនោះ បណ្តាលឲ្យស្លាប់តែម្តង។
លោក ជា សារិន អធិការស្រុកមណ្ឌលសីមា បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យក់ ឡាយហេង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន អិល វ៉ាយ ភីគ្រុប មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ។ ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ចាប ឈាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មកររោងចក្រយ៉ាសាគីលេខ១៨ ពាក់ស្លាកលេខ 3C-1114 ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ (បានគេចខ្លួនបាត់)។
លោកបានបន្តថា ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបរ រីឯរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា រង់ចាំការដោះស្រាយបន្តតាមនិតិវិធី ៕