រតនគិរី ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននរគបាលខេត្ត បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ពាក់ព័ន្ធអំពើហឹង្សារក្នុងគ្រួសារវ៉ៃប្រពន្ធ កាលពីវេលាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ ។
លោកវរសេនីយ៍ត្រី ថេង ច័ន្ទធី អធិការនរគបាលស្រុកលំផាត់ បានអោយដឹងថា ជនសង្ស័យមានឈ្មោះពួត ផិត ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ ត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ថុត ណូច ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិ ទំពួន មុខរបរកសិក អ្នកទាំងពីរមានទីលំនៅចំណុចភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។ លោកអធិការបានបន្ដរទៀតថា ជនសង្ស័យតែងតែផឹកស្រាស្រវឹងនិងរករឿងវាយប្រពន្ធជាញឹកញ៉ាប់មិនដែលខាននោះទេ ។
រហូតដល់ថ្ងៃកើតហេតុថ្ងៃទី១០ ខែកក្កដា វេលាម៉ោង១០និង២០នាទីយប់ ជនសង្ស័យបានផឹកស្រាស្រវឹងនៅក្នុងពិធីបុណ្យសពផ្ទះអ្នកជិតខាងឈ្មោះ ពួត ឌឺន ។ ហើយបានឈ្លោះប្រកែកជាប្រពន្ធរហូតទាញគល់អុសវាយប្រពន្ធចំក្បាលខាងស្ដាំបណ្ដាលឲ្យរយៈក្បាលជិតមួយចង្អាម រងរបួសធ្ងន់ធ្ងរ ត្រូវបានអ្នកជិតខាងបញ្ជួនទៅសង្គ្រោះនៅមណ្ឌលសុខភាព ស្រុកលំផាត់ តាមរថយន្តឯកជន ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះហើយ រងចាំនិតិវិធីបន្ដររបស់តុលាការ ៕