បាត់ដំបង ៖ វាជារឿងដ៏កម្រមួយ ដែលមិនងាយនឹងបានជួបប្រទះ ដោយសារតែក្នុងគ្រួសារយោធាម្នាក់ មានកូនរហូតដល់១២នាក់ រហូតធ្វើអោយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារនេះត្រូវធ្លាក់ដុនដាប និងជួបបញ្ហាជាច្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារតែក្នុងបន្ទុកគឺត្រូវរស់ជាមួយនឹងប្រាក់បៀវត្សរបស់ស្វាមីដែលជាមន្ត្រីយោធាតែប៉ុណ្ណោះ ។
នៅក្នុងឋានៈជាវរសេនីយ៍ត្រី លោក ហ៊ឹង ស៊ីថា អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធា ក្នុងទីបញ្ជាការ យោធភូមិភាគទី៥ ហើយបច្ចុប្បន្នគ្រួសាររបស់លោករស់នៅក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង បានរៀបរាប់ថា រូបលោកចាប់ផ្តើមចូលបម្រើការងារជាយោធានៅឆ្នាំ១៩៩២ ។
មន្ត្រីយោធារូបនេះបានបន្តថា នៅក្នុងអំឡុងឆ្នាំ២០០០ លោកក៏បានរៀបការជាមួយនឹងភរិយារបស់លោកដែលមានឈ្មោះ រ៉ា វិច្ឆិកា អាយុ៣៤ឆ្នាំ ហើយចាប់តាំងពីថ្ងៃនោះមកគឺលោករកចំណូលបានយ៉ាងច្រើនគឺបុត្រា និងបុត្រី រហូតមកទល់នឹងពេលនេះគឺសរុបមានចំនួន ១១ នាក់ បូកនឹងក្នុងពោះម្នាក់ទៀត គឺមានចំនួន១២នាក់ក្នុងនោះស្រី៦នាក់ ប្រុស៦នាក់ ។
បញ្ហាដែលសំខាន់គឺកូនរបស់លោកទាំងអស់ មិនមានកូនណាមួយបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីបើកប្រាក់បៀវត្សរបស់អង្គភាពលោកឡើយ ដូច្នេះមានន័យថា បច្ចុប្បន្នលោកស៊ីប្រាក់ខែតែម្នាក់ឯងរហូត ដោយពាក់ព័ន្ធនឹងរឿងនេះដែរ លោកក៏បានលើកឡើងថា លោកមិនបានបញ្ចូលឈ្មោះកូនទាំងអស់នោះមែន ដោយសារតែការធ្វើបញ្ជីស្នាមវាញឹកពេក មានន័យថា១ឆ្នាំ កូន១ វាស្ទើរតែអ្នកកាន់បញ្ជីគេមិនជឿ ។
នៅចំពោះមុខអ្នកសារព័ត៌មាន អ្នកស្រី រ៉ា វិច្ឆិកា បានរៀបរាប់អំពីបញ្ហាដែលនាងមិនព្រមទៅពន្យាកំណើតដូចគេ ដោយសុខចិត្តពរពោះមួយឆ្នាំម្តង ព្រោះបើកប្រៀបធៀបជារយៈពេលវិញគឺ រៀបការនៅឆ្នាំ២០០០ មកដល់ពេលនេះគឺ១៧ឆ្នាំ ហើយនាងមានកូនរហូតដល់១២នាក់ ពិតជាមិនធម្មតានោះទេ ដោយនាងបាននិយាយថា នាងបានទៅពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតជំនាញរួចមកហើយ អំពីការពន្យាកំណើតប៉ុន្តែនៅពេលដែលនាងអនុវត្តតាមវេជ្ជបញ្ជារ ទោះបីតាមវិធីណាក៏ដោយ ក៏ខ្លួននាងមិនអាចទទួលយកបានឡើយ ទោះបីតាមរយៈ ដាក់កង ចាក់ថ្នាំ ឬលេបថ្នាំក៏ដោយគឺវាធ្វើទុកក្នុងខ្លួនខ្លាំងណាស់ ពិសេសគឺធ្លាក់ឈាមតែម្តង ដូច្នេះនាងក៏សម្រេចចិត្តទុកតាមដំណើរ ។
គ្រួសារនេះក៏បានថ្ងួចថ្ងូរផងដែរអំពីបញ្ហាកង្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ព្រោះកូនទាំងអស់កំពុងពេញរៀន ពេញស៊ី និងកំពុងទាមទាតាមតម្រូវការរបស់ពួកវា ពិសេសគឺពេលដែលមានការឈឺថ្កាត់ម្តងៗ គឺលោកមិនដឹងទៅរកលុយឯណានោះទេ ដោយសុខចិត្តខ្ចីបុលគេ រហូតបច្ចុប្បន្ននេះកាត់សងថ្លៃបុលគេតាមរយៈពុសផ្ទះ និងដីពាក់កណ្តាលអោយគេដើម្បីរួចបំណុល ដូច្នេះទំហំផ្ទះកាន់តែតូច រីឯចំនួនមនុស្សក្នុងបន្ទុកចេះតែកើនឡើង ដែលទាំងនេះគឺជាបញ្ហាប្រឈមមុខយ៉ាងខ្លាំងសម្រាប់គ្រួសារនេះ ។
ដោយមើលឃើញនូវភាពខ្វះខាតបែបនេះ ទើបនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ក៏មានអំណោយមនុស្សធ៌មមួយដឹកយកទៅជូនដល់ផ្ទះគ្រួសារយោធានេះ ដែលម្ចាស់អំណោយមានឈ្មោះ លោក សឿន ប៊ុនធឿន លោក អ៊ឹង គឹមលី និងអ្នកស្រី ឈឿង ចាន់លោក ឈៀង យ៉ារ័ត្ន ហៅម៉ាំង និងលោក តាំង ផេងហ៊ី ព្រមទាំងភរិយា ដែលអំណោយទាំងនោះរួមមាន អង្ករ មី ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី សារ៉ុង ក្រមា អាវយឺត ត្រីខ ប៊ីចេង សាប៊ូ ស្ករស និងស្ករគ្រាប់ ព្រមទាំងថវិកាមួយចំនួនផងដែរ ដែលអំណោយទាំងនេះបានផ្តល់ជូនតាមរយៈលោក អនុសេនីយ៍ឯក លឿង សម្បត្តិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ។
ជាចុងក្រោយ លោក ហ៊ឹង ស៊ីថា និងអ្នកស្រី រ៉ា វិច្ឆិកា បានលើកម្រាមដៃដប់ថ្លែងអំណរគុណយ៉ាងខ្លាំងដល់ម្ចាស់អំណោយទាំងអស់ ពិសេសគឺលោកមេបញ្ជាការកងរាជអាវុធហត្ថ ដែលជានិច្ចកាលលោកតែងគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋហើយប្តី ប្រពន្ធទាំងពីរនាក់ ក៏សូមអំពាវនាវដល់អស់លោកសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលមានចិត្តមេត្តា ករុណា ពិសេសគឺសម្តេច ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយដល់ក្រុមគ្រួសាររបស់ខ្លួនដែលកំពុងប្រឈមមុខនឹងភាពខ្វះខាត ព្រោះសម្តេចតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង នៅពេលដែលជួបនឹងទុក្ខលំបាក ៕