ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆមាសទី១និងទិសដៅឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាគណៈអភិបាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌ អធិការនគរបាល លោកនាយប៉ុស្តិ៍និងការិយាល័យពាក់ព័ន្ធទាំងអស់។
នាឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍បានមានប្រសាសន៍ឲ្យដឹងថាឆមាសទី១ ឆ្នាំ២០១៧នេះ សភាពការណ៍សន្តិសុខក្នុងរាជធានីភ្នំពេញ មានលក្ខណៈល្អ ប្រសើរ អំណោយផលដល់ ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ក៏ដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនតាមការគ្រោងទុក ស្របពេលដែលពិភពលោក និងក្នុងតំបន់មួយចំនួន កំពុងមានការ ស្មុគស្មាញ អំពីភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ប៉ុន្តែរាជធានីភ្នំពេញ បញ្ចៀសបាន និងរក្សាបានយ៉ាងរឹងមាំ សន្តិសុខផ្ទៃក្នុង ទោះបីមជ្ឈដ្ឋានអគតិមួយចំនួន ព្យាយាមបង្កឲ្យមានភាពវឹកវរក្នុងសង្គម តាមរយៈការប្រមូលផ្តុំទាមទារសិទ្ធិ សេរីភាព ការបញ្ចេញមតិ បញ្ហាសិទ្ធិមនុស្ស បញ្ហាដីធ្លី លក្ខខណ្ឌការងារ និងយុទ្ធនាការថ្ងៃចន្ទ័ពណ៌ខ្មៅ ។ល។ ជាក់ស្តែងមានការប្រមូលផ្តុំតវ៉ាផ្សេងៗ ចំនួន ៦៨៦លើក/៦៩១លើក ត្រូវបានការពារ និងសម្របសម្រួលដោះស្រាយដោយសន្តិវិធី ។
ក្រៅពីនោះបានសហការការពារ ប្រកបដោយសុវត្ថិភាព ទាំងស្រុង គ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ស្ថាប័នជាតិ-អន្តរជាតិ ព្រះរាជបេសកកម្ម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បេសកកម្មរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់, ពិធីបុណ្យជាតិ-អន្តរជាតិ, កិច្ចប្រជុំថ្នាក់ជាតិ-អន្ដរជាតិ, ពិធីសម្ពោធសមិទ្ធិផលជាតិ, ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាតិ-អន្តរជាតិ ចំនួន ២៥៨លើក/៣៦៩លើក ។ ពិសេសការងារការពារ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលប្រព្រឹត្តទៅ បានរលូនតាមការគ្រោងទុក។ ដោយឡែកបទល្មើសព្រហ្មទណ្ឌជារួម កើតឡើងចំនួន ៤៥៧លើក/៤៧៦លើក ថយចុះ ១៩លើក ស្មើនឹង ៤%។ ក្នុងនោះ បទឧក្រិដ្ឋ មានការថយចុះ ៣១លើក ស្មើនឹង ៣១,៣១% (៦៨លើក/៩៩លើក) និងបទល្មើសមជ្ឈិម កើនឡើង ១២លើក ស្មើនឹង ៣% (៣៨៩លើក/៣៧៧លើក) ចំណុចលេចធ្លោ បទល្មើសប្លន់ប្រដាប់អាវុធ បានថយចុះចំនួន ៤២លើក ស្មើនឹង ៦០% ។
ចំពោះបញ្ហាគ្រឿងញៀនអនុវត្តគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានគណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ លើកទី១ (គិតពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧) បង្ក្រាបបានចំនួន ១,១៤៧ករណី/៣៩៤ករណី (កើន ៧៥៣ករណី) ឃាត់ខ្លួន ២,៦១៧នាក់/១,០៩៨នាក់ ស្រី ៣២០នាក់ (ជនជាតិវៀតណាម ៨៣នាក់, ជនជាតិម៉ាឡេស៊ី ០១នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ឆមាសទី១ បទល្មើសព្រហ្មទណ្ឌជារួម បានថយចុះ អាស្រ័យដោយស្នងការដ្ឋាន ដាក់ចេញនូវយុទ្ធនាការវិធានការបង្ការ-បង្ក្រាបបទល្មើស (០៦វិធានការបង្ការ និង០២វិធានការបង្ក្រាប) គួបផ្សំ កិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ សកម្មភាពក្មេងទំនើង ការជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងការចាត់តាំងអនុវត្តន៍គោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដែលជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលឲ្យដំណើរការទៅយ៉ាងសស្រាក់សស្រាំ នៅទូទាំងរាជធានីភ្នំពេញ ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌបានថយចុះចំនួន ៤% ក្នុងនោះ បទល្មើសឧក្រិដ្ឋ ថយចុះ ៣១,៣១% ចំណុចលេចធ្លោគឺៈ បទល្មើសលួចមានស្ថានទម្ងន់ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ អ្នកវិនិយោគ ត្រូវបានកាត់បន្ថយ ៦០% ទន្ទឹមនឹងការបង្កើនកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស ទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩១,៤៦% និងការបង្ក្រាបបទល្មើសគ្រឿងញៀន ខុសច្បាប់លើកទី១ ចំនួន បង្ក្រាបបាន ១,១៤៧ករណី/៣៩៤ករណី ឃាត់ខ្លួន ២,៦១៧នាក់/១,០៩៨នាក់ ស្រី ៣២០នាក់, កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលជាមូលហេតុធ្វើឲ្យបទល្មើសមានការថយចុះ បង្កលក្ខណៈគ្រប់គ្រាន់សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារឃុំ-សង្កាត់ អាណត្តិទី៤ ប្រព្រឹត្តទៅបានជោគជ័យតាមការគ្រោងទុក។
ទន្ទឹមនឹងគុណសម្បត្តិខាងលើ ក៏នៅមានភាពចន្លោះប្រហោង ក្នុងកិច្ចប្រតិបត្តិការ បង្ការ-ទប់ស្កាត់គ្រោះថ្នាក់ដោយអំពើលួច-ឆក់ មានកំណើនកើនឡើងចំនួន ១២លើក និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ២៧៣លើក ដែលជាបញ្ហាប្រឈមយ៉ាងស្រួចស្រាល បង្កឲ្យមនុស្សស្លាប់ចំនួន ១៣៦នាក់/១៣១នាក់, របួស ៦៤៨នាក់/៣១៧នាក់ បណ្តាឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ដែលទាមទារត្រូវមានវិធានការទប់ស្កាត់ឲ្យបានសម្រាប់ឆមាសទី២ ឆ្នាំ២០១៧ ខាងមុខនេះ ៕