រតនគិរី ៖ នៅប៉ុន្មានឆ្នាំនេះគេសង្កេតឃើញអាជ្ញាធរក្រុងបានលុង បានកសាងសួនច្បារដែលនៅជុំវិញមាត់បឹងកន្សែងឲ្យមានសោភណ្ឌភាពគួរឲ្យគយគន់ដោយមានក្រាលអិតការ៉ូ ដាំកូនឈើ ដើមផ្កា គឺក្នុងបំណងចង់ឲ្យរមណីយដ្ឋានបឹងកន្សែងនោះក្លាយទៅជាតំបន់ទាក់ទាញពីសំណាក់ភ្ញៀវជាតិនិងអន្ដរជាតិដែលបានមកលេងខេត្ដមួយនេះ។
កាធ្វើសួនច្បារនៅជុំវិញមាត់បឹងកន្សែងនោះត្រូវបានប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្ដនេះទទួលស្គាល់ថាសាកសមជាកន្លែងទេសចរណ៍មួយ ក៏ប៉ុន្ដែសម្រាប់ភ្ញៀវដែលមកកម្សាន្ដវិញបាននិយាយដោយឥតសំចៃមាត់ថា ទាស់ភ្នែកជាពន់ពេកចំពោះសំណង់អនាធិបតេយ្យដែលសង់ព្រោងព្រាតនៅប៉ប្រះមាត់ទឹកខាងលិចនិងខាងត្បូងនៃបឹងនោះ។
លោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យដឹងថា ការៀបចំធ្វើសួនច្បារនៅតាមមាត់បឹងកន្សែងគឺជាគំរោងរបស់ក្រុងគឺធ្វើឡើងដើម្បីកែលម្អរតំបន់មួយនោះឲ្យមានសណ្ដាប់ធ្នាប់និងមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត សាកសមជារមណីយដ្ឋានធម្មជាតិដែលមានឈ្មោះបោះសំលេង។ លោកអភិបាលក្រុងបានឲ្យដឹងទៀតថា ចំពោះសំណង់ដែលសង់នៅតាមមាត់បឹងមានចំនួនប្រមាណប្រាំបីខ្នងផ្ទះនោះ គឺអ្នកខ្លះគេបានរស់នៅជាយូឆ្នាំកន្លងហើយពោលគឺគេមានលិខិតកាន់កាប់បញ្ជាក់ពីមន្ដ្រីជំនាញ។ចំពោះសំណង់មួយចំនួនទៀតដែលទើបធ្វើតាមក្រោយ គឺលោកកំពុងពិនិត្យដើម្បីសម្របសម្រួលទៅតាមលទ្ធភាព។យើងក៏ចង់ឲ្យពួកគាត់ដែលកំពុងតែរស់នៅជុំវិញបឹងហ្នឹងបានចាក់ចេញទាំងអស់គ្នា ក៏ប៉ុន្ដែប្រហែលជាមិនអាចទេ។
លោក ញ៉ែម សំអឿន អភិបាលរងខេត្ដរតនគិរីទទួលបន្ទុកព័ត៌មាននិងសន្ដិសុខសង្គម បានបញ្ជាក់ប្រាប់អោយដឹងដែរថា បញ្ហាប្រជាពលរដ្ឋដែលទៅតាំងទីលំនៅតាមមាត់បឹងកន្សែងនោះកន្លងមកគណៈបញ្ជាការឯកភាពខេត្ដធ្លាប់បានធ្វើកាប្រជុំដើម្បីរកដំណោះស្រាយហើយ ដោយគណ:កម្មការបានសម្រេចឲ្យពួកគាត់ចាកចេញពីមាត់បឹងកន្សែងឲ្យទៅរស់នៅលើដីសង្គមកិច្ចមួយកន្លែង ព្រមទាំងមានផ្ដល់ប្រាក់ខ្លះទៀត ក៏ប៉ុន្ដែពួកគេមិនព្រមចាកចេញពីទីនោះឡើយ ហើយបានបន្ដរស់នៅទីនោះរហូតមកដល់បច្ចុប្បន្ននេះ។
បើទោះជាយ៉ាងប្រភពពីភ្ញៀវទេសចរណ៏ដែលបានទៅកំសាន្ដលេងនៅរមណីយដ្ឋានបឹងកន្សែងបានសម្ដែងការមិនសប្បាយចិត្ដគ្រប់ៗគ្នាថា អាជ្ញាធរខេត្ដ មិនគួរទុកឲ្យប្រជាពលរដ្ឋមួយចំនួនតូចតាំងទីលំនៅ លើដីមាត់បឹងធម្មជាតិនិងជាជាតំបន់រមណីយដ្ឋានដូច្នេះសោះ។ ព្រោះគេអាចបង្ហូរទឹកកខ្វក់និងកាកសំណល់ផ្សេងៗចូលក្នុងបឹងនោះបានគ្រប់ពេលវេលា៕