ផ្លូវ​លេខ​២០២,១៩៤,២២៣,១៨៨ ក្លាយជា​យានដ្ឋាន​ជួសជុល​រថយន្ត និង​ដាក់​គ្រឿងបន្លាស់​រថយន្ត​ចាស់ៗ​

15-July-2017 | ដោយ ពល បញ្ញា


​ភ្នំពេញ ៖ មជ្ឈដ្ឋាន​នានា​បាន​និយាយថា បញ្ហា​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ នៅតែ​រញ៉េរញ៉ៃ បណ្តាលមកពី​ពលរដ្ឋ​ខ្លះ​មិន​សហការ​ជាមួយ​អាជ្ញាធរ ហើយ​ក៏មាន​មន្ត្រី​ខិលខូច​ខ្លះ​ដើរ​យកលុយ​ពី​អ្នកលក់​នៅលើ​ចំណីផ្លូវ ដើម្បី​ផ្គាប់ចិត្ត​ថ្នាក់លើ​។​
ជាក់ស្តែង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០២,១៩៤,២២៣,១៨៨ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​យានដ្ឋាន​ជួសជុល​រថយន្ត​ជាច្រើន បាន​យក​ចំណីផ្លូវ​ជា​កន្លែង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​គ្រប់​ប្រភេទ ព្រមទាំង​ដាក់តាំង​លក់​រថយន្ត ទន្ទ្រាន​ចូល​ចំណែក​ទ្រូងផ្លូវ​ថែម​ទៀតផង​។​

 ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២០២,១៩៤,២២៣, ១៨៨​នេះ បាន​រអ៊ូរ​រទាំ​ថា ការធ្វើ​អាជីវកម្ម​បែបនេះ ពិតជា​បណ្តាល​ឲ្យ​ខូច​សោ​ភណ្ឌ​ភាព​ទីក្រុង បង្ក​ឲ្យ​ខូច​ផ្លូវ និង​បង្ក​ការកកស្ទះ​យ៉ាងខ្លាំង ព្រោះ​ម្ចាស់​យានដ្ឋាន​ទាំងនោះ បាន​យក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​ឡើយ ហើយ​ផ្លូវ​ទាំងនេះ​មន្ទីរ​សាធារណៈការ​ទើបនឹង​ជួសជុល​យ៉ាង​ស្អាត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនបាន​ធ្វើដំណើរ​ដោយ​ងាយស្រួល​នោះទេ ដោយសារ​ម្ចាស់​យានដ្ឋាន​ទាំងនោះ​បានដាក់​គ្រឿង​យានយន្ត ស្ទើរ​ដល់​ទ្រូងផ្លូវ​ទៅហើយ​។​

មហាជន​បាន​លើកឡើងថា កត្តា​ទាំងនេះ​គឺជា​បញ្ហា​បង្ក​ឲ្យ​រាជធានី​ភ្នំពេញ ជួប​វិបត្តិ​នៃ​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​អាជ្ញាធរ​គួរ​ចាត់វិធានការ ដើម្បី​គ្រប់គ្រង​ចិញ្ចើមផ្លូវ​ឲ្យ​បានល្អ សម្រាប់​ជា​ផលប្រយោជន៍​សាធារណៈ​។​

 ​លោក​វរសេនីយ៍ត្រី តី សុវណ្ណ​រ៉េត អធិការរង​នគរបាល​ខណ្ឌទួលគោក​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ឲ្យ​ដឹងថា​លោក​បាន​ប្រជុំ​ជាមួយ​ថ្នាក់លើ​រួចរាល់​ហើយ​ចំពោះ​បញ្ហា​ផ្លូវ​ទាំងនោះ នឹងមាន​វិធានការ​ចាត់ការ​ចំពោះ ម្ចាស់​អាជីវកម្ម​ដែល​យក​ចំណីផ្លូវ​ដាក់​គ្រឿង​យានយន្ត​និង​យានដ្ឋាន​ដែល​យក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម​។ ចំណែក​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក យើង​មិនអាច​ទាក់ទង​បានទេ ដោយ​ហៅ​ទូរ​សព្ទ​ចូល​គ្មាន​អ្នកទទួល ៕

 

 

ចំនួនអ្នកទស្សនា

    20604197

  • ថ្ងៃនេះ361
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46591
  • ខែនេះ161741
  • ឆ្នាំនេះ161741
  • សរុប20604197