តាកែវ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ដោយមានការសម្របសម្រួសពីលោកផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីឃាតកម្មប្រព្រឹត្តិទៅកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០១ រំលងអាធ្រាត្រ នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ (ដោយជនសង្ស័យយកដាវកាប់ទៅលើឈ្មោះ កង ថារិទ្ធិ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិធំ ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង បណ្តាលអោយស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ)។
ក្នុងកិច្ចសហប្រតិបត្តិការនេះបន្ទាប់ពីកើតហេតុខាងលើលោកស្នងការបានដាក់បទបញ្ជារដល់លោកអធិការនគរបាល អោយសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត ធ្វើការស្រាវជ្រាវកំណត់បទល្មើសឈានដល់បើកកិច្ចសហប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ ទី១- ឈ្មោះ ប៉ុន វ៉ាន់ថេត ភេទប្រុស អាយុ១៨ ទីលំនៅភូមិក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ទី២- ឈ្មោះ ឆែម ចាន់ចាវ ភេទប្រុស អាយុ ២១ឆ្នាំទីលំនៅភូមិមឿងក្រចិន ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ក្នុងចំណោមបក្សពួក ប្រាំនាក់។បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿងតាមនីតិវិធី និងស្វែងរកបក្សពួកជនសង្ស័យដែលរត់គេចខ្លួនចំនួន បីនាក់ទៀតផងដែរ ៕