កំពង់ចាម ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ថាញ់ សុខវុន សហការជាមួយកម្លាំងនគរបាលក្រុងប៉ុស្តិ៍រដ្ឋបាលបានចុះប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺលក់ឆ្នោតវៀតណាម នៅចំណុចភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ។
ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានមេឆ្នោតម្នាក់មានឈ្មោះ ទូច សាវង្ស ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន សៀវភៅកត់កន្ទុយលេខ, ទូរសព្ទ, ម៉ាសីនគិតលេខ, ដែកកឹប, ប៊ិច, និងប្រាក់ជាងមួយលានរៀល រួមទាំងក្រដាសកត់លេខឆ្នោតមួយសន្លឹក។
យោងលើវត្ថុតាង និងដោយមានការឯកភាពពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពងចាម ជនសង្ស័យនិងវត្ថុតាង បានបញ្ជូន មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕