អគ្គស្នងការ​នគរបាល​ជាតិ​បំភ្លឺ​ការចោទប្រកាន់ថា​បានធ្វើ​ខុស​នីតិវិធី​ដាក់​មន្ត្រីនគរបាល​ឲ្យ​ចូលនិវត្តន៍​

18-July-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​១៨ ខែកក្កដា​ឆ្នាំ​២០១៧​នេះ បានធ្វើការ​បកស្រាយ​បំភ្លឺ​ទៅនឹង​ការចោទប្រកាន់​របស់​ម​ន្ត្រី​នគរបាល​ម្នាក់​នៅក្នុង​ខេត្តបាត់ដំបង ដែលថា​មន្ត្រី​ថ្នាក់លើ​បានធ្វើ​ខុស​នីតិវិធី​ក្នុង​ការដាក់​រូបលោក​ឲ្យ​ចូលនិវត្តន៍​។​

​ការបកស្រាយ​បំភ្លឺ​របស់​អគ្គស្នងការ​នគរបាលជាតិ​នេះ​បានធ្វើ​ឡើង​ក្រោយ​មានការ​ផ្សាយ​តាម រយៈ​គេហទំព័រ www.botkhmer.com កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ នេះ ដោយ​រួមមាន​ទាំង​លិខិត និង រូបថត របស់​មន្ត្រីនគរបាល​ចូលនិវត្តន៍ ឈ្មោះ ឃុំ សយ អត្ថ​លេខ ០៣៦៤៨ ជា​អធិការ នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង ផ្ញើជូន សម្តេច​អគ្គសេនាបតី​តេ​ជោ​ហ៊ុន សែន ដោយបាន​ចោទប្រកាន់ថា ការដាក់​លោក​ឲ្យ​ចូល​និវត្ត​បានធ្វើ​ខុស នីតិវិធី ដោយ​ពុំបាន​ជូនដំណឹង​មក​លោក​ជាមុន ។​

​អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានធ្វើការ​ស្រាយ​បំភ្លឺ​បញ្ហា​នេះ តាមរយៈ​លិខិត​ផ្ញើជូន សម្តេច​អគ្គសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​បញ្ជាក់ថា​៖ អាស្រ័យ​ដោយ​កាលពី​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅនេះ លោក​វរសេនីយ៍ទោ ឃុំ សយ អធិការនគរបាល​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​សម្តេច បង្ហាញ​ពី​ការ​ទោមនស្ស​ចំពោះ​ការមិន​បាន​ជូនដំណឹង និង​មិនបាន​អញ្ជើញ​រូបលោក​ឲ្យ​ចូលរួម​ក្នុង​ពិធី​ប្រកាស ដាក់​ឲ្យ​ចូលនិវត្តន៍ និង​តែងតាំង​អធិការ​ថ្មី​ជំនួស​កាលពី​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៧​។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​សូម​អនុញ្ញាត​គោរព​រាយការណ៍​ជូន​សម្តេច​មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ដូចខាងក្រោមៈ

ទី​១. រយៈពេល​កន្លងមកនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក៏ដូចជា​ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញថា​លោក ឃុំ សយ ពិតជា​មន្ត្រីនគរបាល​ជាតិ​ដែល​បាន​ចូលរួម​សកម្ម​នៅ​ក្នង​ចលនា​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដូច​លោក​បានបញ្ជាក់​ពិតមែន​។ ហេតុនេះហើយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួងមហាផ្ទៃ​បានតែងតាំង​លោក ឃុំ សយ ជា​អធិការនគរបាល ស្រុក​រតនៈមណ្ឌល តាំងពី​ឆ្នាំ ១៩៨៧ មក និង​បាន​ដំឡើង​ឋានន្តរសក្តិ​ជា​បន្តបន្ទាប់​ជូន​។

ទី​២. ការរៀបចំ​ដាក់​ឲ្យ​លោក ឃុំ សយ ចូលនិវត្តន៍ គឺ​បាន​ប្រព្រឹត្តទៅ​ត្រឹមត្រូវ​តាម​លក្ខន្តិក ដោយឡែក ស្តីពី​នគរបាលជាតិ និង​នីតិវិធី​នានា​ដែល​បានកំណត់ ដែល​កន្លងមកនេះ​ក្រសួងមហាផ្ទៃ ក៏​ដូច​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អនុវត្ត​ទៀងទាត់​ចំពោះ​មន្ត្រី​គ្រប់រូប​ដែល​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍​។

ទី​៣. ចំពោះ​ការ​អន់ចិត្ត​របស់លោក ឃុំ សយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​ពិនិត្យឡើងវិញ ឃើញថា​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​មានការ​ចន្លោះប្រហោង​មិនបាន​អញ្ជើញ​គាត់​ចូលរួម​ដោយ​សំអាងថា នឹងមាន​ការធ្វើ​ពិធី​ប្រកាស​មន្ត្រី​ចូលនិវត្តន៍​ដោយឡែកៗ ជាក់ស្តែង​តាម​ការិយាល័យ និង​តាម​អធិការដ្ឋាន​នគរបាល​នីមួយៗ ។​

អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើការ​បញ្ជាក់ថា​៖ ប៉ុន្តែ​ទោះជា​យ៉ាងណា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នឹង​ពិនិត្យ​កែលម្អ​កិច្ចការ​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ ដើម្បី​ការពារ​មិន​ឲ្យ​មានការ​ថ្នាំង ថ្នាក់​កើតឡើង​បន្តទៀត ៕

 

ចំនួនអ្នកទស្សនា

    20605187

  • ថ្ងៃនេះ1351
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47581
  • ខែនេះ162731
  • ឆ្នាំនេះ162731
  • សរុប20605187