បាត់ដំបង ៖ យុវជនម្នាក់ ដែលសមត្ថកិច្ចបានដាក់ការសង្ស័យថា ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ត្រូវបានឃាត់ខ្លួនរួមជាមួយនឹងថ្នាំញៀនប្រភេទម៉ាទឹកកកជិត៣០ក្រាម ផងដែរ ខណៈដែលមុខសញ្ញសង្ស័យរូបនេះកំពុងប្រព្រឹត្តនូវសកម្មភាពជាក់ស្តែង ។
លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការ នគរបាល ក្រុងបាត់ដំបង បានបញ្ជាក់ថាកិច្ចប្រតិបត្តិការនេះគឺបានធ្វើឡើងកាលពី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទី ល្ងាចត្រង់ ចំណុចក្រុមទី១០ ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោកអធិការបន្តជនសង្ស័យ ឈ្មោះ ចាត សុភា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ។ ភស្តុតាងដកហូតបានរួមមានៈ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២ ថង់ ស្មើនឹង ទម្ងន់ ២៦,៩៥ ក្រាម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួនមួយ, ដាវសាំម៉ូរ៉ៃមួយដើមនិងសម្ភារៈសម្រាប់វេចខ្ចប់ជាច្រើនទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ និងបន្តទៅ សាលាដំបូងដើម្បីផ្តន្ទាទោសតាមច្បាប់ ៕