ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​

19-July-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាទ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​«​វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» លើក​ទី​២ និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា ដល់​សិស្ស​នាយ​នគរបាល​និង​នាយ​នគរបាល​រង​ដែល​បានជ្រើសរើស​ថ្មី សម្រាប់​ឆ្នាំ​២០១៦​។​

តាម​របាយការណ៍​រប​ស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា បាន​លើកឡើងថា នៅក្នុង​ឆ្នាំ​២០១៦ កន្លងទៅនេះ ក្រសួងមហាផ្ទៃ បានជ្រើសរើស​មន្ត្រីនគរបាល​ក្របខណ្ឌ​ថ្មី​ចំនួន​៤,៥៣៦​នាក់ តាមរយៈ​ការប្រឡងប្រជែង ហើយ​អ្នក​ប្រឡង​ជាប់​ជា​ស្ថាពរ​ទាំងអស់​ចាំបាច់​ត្រូវតែ​ឆ្លងកាត់​«​វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​» រយៈពេល​៧៥​ថ្ងៃ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា មុននឹង​តាំង​ស៊ុប​និង​មុន​ចេញទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​នានា ទូទាំងប្រទេស​។​

ការបណ្តុះបណ្តាល​នេះ​ត្រូវ​បែង​ចែកជា​៣​លើក​។ ចំពោះ​ការបណ្តុះបណ្តាល​លើក​ទី​១ មាន​សិស្ស​នាយ​នគរបាល​និង​នាយ​នគរបាល​ចំនួន​១,៧៥១​នាក់ និង​លើក​ទី​២ ចំនួន​សរុប​១៧៦០​នាក់​។ សិស្ស​ជ័យលាភី​ទាំងអស់​ត្រូវ​ទទួលបាន​វិញ្ញាបនបត្រ និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា តាម​នីតិវិធី​ជា​ធរមាន​។​

ដោយឡែក​អ្នក​បោះបង់​ការសិក្សា​និង​អ្នក​ដែល​មិនបាន​ទទួលជោគជ័យ​ក្នុងការ​សិក្សា​មិនត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​នាពេលនេះ​ទេ ត្រូវ​រងចាំ​តាំងស៊ប់​នៅពេល​ក្រោយ​។ ក្រោយពេល​វគ្គ​បណ្តុះបណ្តាល​លើក​ទី​២​នេះ ត្រូវ​បញ្ចប់​រួចរាល់ ការបណ្តុះបណ្តាល​លើក​ទី​៣​នឹងត្រូវ​ចាប់ផ្តើម​បន្ត​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​។​

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​នេះ​សម្តេច​ក្រឡាហោម បាន​ថ្លែង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញការងារ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា នាយកដ្ឋាន​បុគ្គលិក​និង​អង្គភាព​ចំណុះ​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​រៀបចំ​និង​ចាត់ចែង​ឲ្យ​វគ្គ​បណ្តុះបណ្តាល​នេះ ដំណើរការ​បានល្អ​និង​សម្រេចបាន​ជោគជ័យ តាម​ផែន​ការដែល​បានកំណត់​។​

ជាមួយគ្នានេះដែរ សម្តេច​ក្រ​ហោម បាន​គូសបញ្ជាក់ថា ដើម្បី​សម្រេច​នូវ​គោលនយោបាយ​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​រាជរដ្ឋាភិបាល និង​ដោយ​យោងតាម​ស្ថានភាព នៃ​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​មិនទាន់​គ្រប់គ្រាន់ ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​ផែនការ​ប្រចាំឆ្នាំ ក្នុងការ​ជ្រើស​មន្ត្រីនគរបាល​ថ្មី ដើម្បី​បំពេញបន្ថែម​និង​បន្តវេន និង​ធានាបាន​នូវ​និរន្តរភាព​នៃ​រដ្ឋបាល​សារ​ធារ​ណៈ​ក្នុង​ការរក្សាសន្តិសុខ​និង​សណ្តាប់​សារ​ធា​រណៈ​ជូន​សង្គមជាតិ​។​

បន្ថែម​ពីនេះ សម្តេច​ក្រឡាហោម បាន​គាំទ្រ​នូវ​វិធានការ​របស់​បណ្ឌិត្យសភា ក្នុងការ​ពង្រឹង​និង​លើកកម្ពស់​គុណភាព​អប់រំ​បណ្តុះបណ្តាល​គ្រប់​កម្រិត ពីព្រោះ​ក្រសួង​ត្រូវការ​មន្ត្រីនគរបាល​ដែលមាន​សមត្ថភាព ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ៕

 

 

ចំនួនអ្នកទស្សនា

    20605277

  • ថ្ងៃនេះ1441
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47671
  • ខែនេះ162821
  • ឆ្នាំនេះ162821
  • សរុប20605277