កោះកុង ៖ ក្រោយពីទទួលរងនូវឥទ្ធិពលគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ដែលបានបង្កឡើងចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ មកនៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ រដ្ឋបាលខេត្តកោះកុង និងសាខាកាកបាទក្រហមខេត្ត ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរដោយ លោក អន សុធារិទ្ធិ អភិបាលរងក្រុងខេមរភូមិន្ទ ,លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមានិង សមាជិកគណៈកម្មាធិការសាខា អនុសាខាស្រុកមណ្ឌលសីមា បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់ចំនួន ០៣ភូមិ មាន ២១គ្រួសារ ស្ថិតក្នុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងឱកាសនោះដែរលោកជំទាវអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រដែលជួបប្រទះទុក្ខលំបាក ជាពិសេសជនរងគ្រោះ , ជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាមានទុកលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយយ៉ាងសកម្មបំផុត។
ជាមួយគ្នានេះដែរលោកជំទាវ មិថុនា ភូថងបាននាំមកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង២១ គ្រួសារួមមានៈអង្ករ២៥ គីឡូក្រាម, មី ១កេះ, ទឹកត្រី៥លីត្រ, ទឹកបរិសុទ្ធ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា៥លីត្រ, អាហារបំប៉ន៥កញ្ចប់, ត្រីខកំប៉ុង១ឡូ ព្រមទាំងថវិកាសរុបទាំង២១គ្រួសារ ៦០៦,០០០រៀល (ហុកសិបម៉ឺនប្រាំមួយពាន់រៀល) ក្នុងនោះផងដែលលោកជំទាវអភិបាលខេត្តបានឧបត្ថម្ភថវិកាបន្ថែមក្នុងមួយគ្រួសារៗចំនួន ៥០០០០រៀល (ប្រាំម៉ឺនរៀល) ដើម្បីជួយសម្រួលទុក្ខលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ៕