តាកែវ ៖ លោកវរសេនីយ៍ឯក ង៉ាន់ សារី អធិការស្រុកបាទីបានឲ្យដឹងថានៅវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យកម្មករកម្មការិនីជិត២០នាក់បានរងរបួសធ្ងន់ស្រាលនៅ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ចំណុចភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
លោកអធិការបន្តថាមុនពេលកើតហេតុមានរថយន្តដឹកកម្មករមួយគ្រឿង ធ្វើដំណើរពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានគេចម៉ូតូមួយគ្រឿងដែលមកបញ្ច្រាសទិសគ្នាបណ្តាលឲ្យរថយន្តក្រឡាប់ជះមនុស្សពេញផ្លូវ របួស ១៧នាក់ ធ្ងន់ប្រាំពីរនាក់។
ក្រោយកើតហេតុអ្នករបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅក្បែរកន្លែងកើតហេតុខ្លះនិងដឹកទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវខ្លះ។ ចំណែកមធ្យោបាយពាក់ព័ន្ធរថយន្តមួយគ្រឿងកម្លាំងជំនាញយកមករក្សាទុកនៅអធិការស្រុកបាទី ៕