ប្រទេសថៃ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ដែលមានការពាក់ព័ន្ធនឹងករណីជួញដូរអាវុធខុសច្បាប់ ( នាំពីកម្ពុជា យកទៅលក់អោយថៃ ) ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំពៅលូនសហការជាមួយនឹងកម្លាំងសមត្ថកិច្ចស្រុកម៉ាឡៃ ធ្វើការចាប់ខ្លួនបន្ទាប់ពីមានករណីជួញដូរនូវប្រភេទកាំភ្លើងត្បាល់ ធុនធ្ងន់ និងគ្រាប់រ៉ុក្កែត មួយចំនួន ដែលត្រូវបានក្រុមតម្រួតថៃចាប់បាននៅក្នុងខេត្តស្រះកែវ ដែលកាលនោះជនសង្ស័យបានឆ្លើយសារភាពថា បានយកពីខាង ទឹកដីកម្ពុជា ដោយភាគីខ្មែរជាអ្នកលក់អោយខណៈដែលជនសង្ស័យចំនួន៥នាក់ បានធ្វើការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទាំងនេះ ចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃចូលទៅក្នុងប្រទេសថៃ ដោយបានឆ្លងកាត់ខេត្តស្រះកែវ ក៏ត្រូវកំលាំងស្ទាក់ចាប់តែម្តង ។
គួររំលឹកដែរថា កាលពីវេលាម៉ោង០០ និង៣០ នាទី រំលងអាធ្រាត ឈានចូលយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងស្នងការដ្ឋានតម្រួតខេត្តស្រះកែវ បានចុះសហការជាមួយកម្លាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេត និងកម្លាំងអធិការដ្ឋាន ស្រុកមឿងស្រះកែវ បានចេញប្រតិបត្តិការ បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ស្តីពីករណីជួញដូរអាវុធខុសច្បាប់ ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅលើកំណាត់ផ្លូវលេខ ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញាចំនួន៣គ្រឿង បានបង្ហាញខ្លួន នៅកន្លែងស្ថានីយ៍ប្រេងឥន្ធនៈខាងលើនេះ ។
ក្រោយពេលធ្វើការឡោមព័ទ្ធពីកម្លាំងតម្រួតថៃ គឺជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ដែលពួកគេទាំងនោះមានឈ្មោះ ទី១-ឈ្មោះ ផាណា ឆៃគង់ ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២-ឈ្មោះ ប៊ុនថាំ ជ័យជំនះ ភេទប្រុស អាយុ៥២ឆ្នាំ ទី៣-ឈ្មោះ ខុមសាន់ កិច្ចថាវ៉នអាជីព ភេទប្រុស អាយុ៣០ឆ្នាំ ទី៤-ឈ្មោះ ឧទ័យ ជ័យជំនះ ភេទប្រុស អាយុ៤៨ឆ្នាំ និងទី៥-ឈ្មោះ មានជ័យ កាន់ប្រៈសុំ
ភេទប្រុស អាយុ៣២ឆ្នាំ ។
នៅក្នុងពេលចាប់ខ្លួននោះ សមត្ថកិច្ចបានឆែកឆេរ និងធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿង គឺបានរកឃើញវត្ថុតាងមួយចំនួន ដែលសុទ្ធសឹងតែជាអាវុធធុនធ្ងន់ទាំងអស់ដែលក្នុងនោះរួមមាន៖ កាំភ្លើងផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ២ ដើម កាំភ្លើងផ្លោងធុន ៨១ មីល្លីម៉ែត្រ ចំនួន១ដើម គ្រាប់ផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ៣ គ្រាប់គ្រាប់រ៉ុក្កែតដុតឆ្នួន ចំនួន ៣ ឈុត រថយន្តចំនួន ៣ គ្រឿង និងទូរស័ព្ទដៃ ចំនួន ៦ គ្រឿង ។
ជុំវិញការជួញដូរអាវុធខុសច្បាប់ របស់ជនសង្ស័យទាំង ៥ នាក់ ដែលផ្ទុយពីមាត្រាដែល បានចែងថា ហាមនាំយកអាវុធ គ្រាប់រំសេវ ទៅធ្វើចរាចរណ៍លើផ្លូវសាធារណៈ ដោយគ្មានការអនុញ្ញាត នោះ ត្រូវបានកំលាំងតម្រួតចាត់បញ្ជូន រួមជាមួយនឹងវត្ថុតាង ទៅកាន់ស្នងការ ខេត្តស្រះកែវ ក្នុងការសាកសួរបន្ថែមជុំវិញការនាំអាវុធដោយខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបន្តបើកការស្រាវជ្រាវថា តើអាវុធទាំងនេះយកមកពីប្រភពណា ហើយពួកគេនាំយកទៅណា អោយបានច្បាស់ ។ ដោយនៅពេលនោះដែរ ចម្លើយក៏បានបង្ហើបថា អាវុធទាំងនេះត្រូវបាននាំចេញនៅត្រង់ចំណុចភូមិសង្កែ ឃុំបឹងបេងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីមានការទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ និងក្រោយពីបានទទួលនូវចម្លើយសារភាពពីជនសង្ស័យទាំង៥នាក់ រួចមក នៅរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអធិការស្រុកសំពៅលូន និងកម្លាំងអធិការស្រុកម៉ាឡៃ បានរួមសហការគ្នា
ចេញប្រតិបត្តិការចុះទៅកាន់មូលដ្ឋានស្រុកសំពៅលូន ដោយបានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ ជឹម លីន ភេទប្រុស អាយុ៣៦ឆ្នាំ មានដើមកំណើតនៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅភូមិឈើទាល ឃុំសិរីមានជ័យស្រុកសំពៅលូន ខេត្តបាត់ដំបង ។
រហូតដល់ព្រឹកថ្ងៃទី២២ ខែកក្កដា នេះ គេសង្គេតឃើញថា កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការតាមប្រមាញ់និងស្រាវជ្រាវរកបក្ខពួកជនសង្ស័យបន្ថែមទៀត ជុំករណីជួញដូរអាវុធខុសច្បាប់ទាំងនេះ
ដោយបច្ចុប្បន្នជនសង្ស័យដែលចាប់ខ្លួនបានត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅកាន់ខេត្តបន្ទាយមានជ័យហើយ ដើម្បីសាកសួរបន្ត ៕