បាត់ដំបង ៖ ជនសង្ស័យចំនួន៤នាក់ ដែលពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ តែក្នុងរយៈពេលពីរថ្ងៃ ព្រមទាំងបានធ្វើការដកហូតនូវគ្រឿងញៀនទាំងពីរប្រភេទមួយចំនួនផងដែរខណៈដែលជនសង្ស័យទាំងនេះ កំពុងប្រព្រឹត្តក្នុងករណីជាក់ស្តែង ។
តាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ និង១០ នាទី ល្ងាចត្រង់ចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ ។
ជនទាំងពីរនោះមានឈ្មោះ ខុម ឆៃយ៉ា ហៅឆៃ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន និងឈ្មោះ ធឿន ប៊ុនធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ដោយកម្លាំងបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១០ថង់ ស្មើនឹងទម្ងន់ ១,២៨ ក្រាម ម៉ូតូឌ្រីម ធុនសេ១២៥ ព៌ណខ្មៅ១គ្រឿងពាក់ស្លាកលេខ បាត់ដំបង 1S-1654 ។
នៅថ្ងៃទី២១ ខែ ឆ្នាំដដែល វេលាម៉ោង ១០ និង១០ នាទី កម្លាំងការិយាល័យជំនាញបានអនុវត្តដីកាអោយនាំខ្លួនលេខ ២៩២ តព្រ របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រមទាំងបង្ក្រាបករណីចែកចាយគ្រឿងញៀនជាក់ស្តែងផងដែរ ដោយបានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ស៊ឹម ឡាយ ហៅយាយឡាយ ភេទស្រី អាយុ៥៤ឆ្នាំរស់នៅភូមិអូចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការលើកទី២នេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៤៩ គ្រាប់ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៤៨ កញ្ចប់ ស្មើនឹងទម្ងន់ ៥៣,១៦ក្រាម ទូរស័ព្ទដៃមួយគ្រឿង វិទ្យុទាក់ទងមួយគ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន ។
នៅថ្ងៃដដែលនេះដែរ វេលាម៉ោង ១២ និង ០៥ នាទី ថ្ងៃត្រង់ កំលាំងអធិការដ្ឋានបានចុះទៅកាន់ចំណុចភូមិអណ្តើក១១ ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌល ដោយឃាត់ខ្លួនមនុស្សចំនួន១នាក់ ឈ្មោះ ទូច សារឿន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅត្រង់ចំណុចខាងលើ ដោយកំលាំងបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៦ថង់ស្មើនឹងទម្ងន់ ៣,១២ ក្រាម ទូរស័ព្ទដៃ១គ្រឿង និងលុយចំនួន ៣០ ម៉ឺនរៀលផងដែរ ។
បច្ចុប្បន្នមុខសញ្ញាសង្ស័យទាំងអស់ រួមជាមួយនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕