រយៈពេល​ពីរ​ថ្ងៃ ឃាត់ខ្លួន​មុខសញ្ញា​៤​នាក់ និង​ថ្នាំញៀន​មួយចំនួន​

22-July-2017 | ដោយ ពល បញ្ញា


​បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ តែ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ព្រមទាំង​បានធ្វើ​ការដកហូត​នូវ​គ្រឿងញៀន​ទាំងពីរ​ប្រភេទ​មួយចំនួន​ផងដែរ​ខណៈដែល​ជនសង្ស័យ​ទាំងនេះ កំពុង​ប្រព្រឹត្ត​ក្នុងករណី​ជាក់ស្តែង ។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦ និង​១០ នាទី ល្ងាច​ត្រង់ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់ ។​

ជន​ទាំងពីរ​នោះ​មានឈ្មោះ ខុម ឆៃ​យ៉ា ហៅ​ឆៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន និង​ឈ្មោះ ធឿន ប៊ុន​ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ដោយ​កម្លាំង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​ថង់ ស្មើនឹង​ទម្ងន់ ១,២៨ ក្រាម ម៉ូតូ​ឌ្រី​ម ធុន​សេ​១២៥ ព៌​ណ​ខ្មៅ​១​គ្រឿង​ពាក់​ស្លាក​លេខ បាត់ដំបង 1S-1654 ។​

​នៅ​ថ្ងៃទី​២១ ខែ ឆ្នាំ​ដដែល វេលា​ម៉ោង ១០ និង​១០ នាទី កម្លាំង​ការិយាល័យ​ជំនាញ​បាន​អនុវត្ត​ដីកា​អោយ​នាំខ្លួន​លេខ ២៩២ ត​ព្រ របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​ព្រមទាំង​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​ផងដែរ ដោយបាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់​ឈ្មោះ ស៊ឹម ឡាយ ហៅ​យាយ​ឡាយ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ​រស់នៅ​ភូមិ​អូ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​
​ក្នុង​កិច្ចប្រតិបត្តិការ​លើក​ទី​២​នេះ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៤៩ គ្រាប់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ៤៨ កញ្ចប់ ស្មើនឹង​ទម្ងន់ ៥៣,១៦​ក្រាម ទូរស័ព្ទដៃ​មួយគ្រឿង វិទ្យុទាក់ទង​មួយគ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួន ។​

​នៅ​ថ្ងៃ​ដដែល​នេះដែរ វេលា​ម៉ោង ១២ និង ០៥ នាទី ថ្ងៃត្រង់ កំលាំង​អធិការដ្ឋាន​បាន​ចុះទៅ​កាន់​ចំណុច​ភូមិ​អណ្តើក​១១ ឃុំ​រស្មី​សង្ហារ ស្រុក​រតនៈមណ្ឌល ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១​នាក់ ឈ្មោះ ទូច សារឿន ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ត្រង់ចំណុច​ខាងលើ ដោយ​កំលាំង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១៦​ថង់​ស្មើនឹង​ទម្ងន់ ៣,១២ ក្រាម ទូរស័ព្ទដៃ​១​គ្រឿង និង​លុយ​ចំនួន ៣០ ម៉ឺន​រៀល​ផងដែរ ។​

 បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ទាំងអស់ រួម​ជាមួយនឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20605627

  • ថ្ងៃនេះ1791
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48021
  • ខែនេះ163171
  • ឆ្នាំនេះ163171
  • សរុប20605627