កណ្តាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ។
ហេតុគ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ព្រឹក នៅលើកំណាត់ផ្លូវខេត្ត៣៨១ ចន្លោះគីឡូម៉ែត្រលេខ(៧-៨) ចំណុចភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរចរស្រុកខ្សាច់កណ្តាលបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-9559 បើកបរដោយ ឈ្មោះ ភី ហុកស្រេង ភេទប្រុស អាយុ៧១ឆ្នាំ (រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ) នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរនៅក្នុងទិសដៅពីកើតបត់ទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើត្រូវបានរថយន្តម៉ាកNISSAN ពណ៌ទឹកប្រាក់ ប្រភេទដឹកទំនិញពាក់ស្លាកលេខ 6191ភព2 បើកបរដោយឈ្មោះ នឿន ជីវ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង និងអ្នករួមដំណើរម្នាក់ ឈ្មោះ ហួរ ស្រីនិត ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្រភពដដែលបានបញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ខាងលើបណ្តាលមកពីអ្នកបើកបរម៉ូតូបង្កខាងលើ បើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកកាន់អធិការនគរបាលស្រុក៕