ជនសង្ស័យ ៣​នាក់​កម្លាំង​នគរបាល​ចាប់ខ្លួន​ករណី​ជួញដូរ​អាវុធ​ធុន​ធ្ងន់​៣​ដើម​អោយ​ថៃ​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ​

25-July-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ ជនសង្ស័យ ៣​នាក់​កម្លាំង​នគរបាល​ចាប់ខ្លួន​ករណី​ជួញដូរ​អាវុធ​ធុន​ធ្ងន់ ៣​ដើម​អោយ​ថៃ​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាមច្បាប់​នៅ​ថ្ងៃទី​២៤ ខែ​កក្ត​ដា​ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ករណី​ជួញដូរ​អាវុធ​៣​នាក់​មាន​ទី​១-​ឈ្មោះ អម វីរៈ ហៅ​ឡេង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ (​ជា​បុគ្គលិក​ស៊ីម៉ាក់​អ្នកលក់​អាវុធ​) រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ​ក្រុង​/​ខេត្តបាត់ដំបង ទី​២-​ឈ្មោះ ជឹម លីម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​អ្នកទិញ​លក់​បន្ត​អោយ​ថៃ​) រស់នៅ​ភូមិ​ឈើទាល ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ទី​៣-​ឈ្មោះ យឹម សា​វី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​អ្នក​ជួយ​ជញ្ជូន​ឆ្លងដែន​) រស់នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​៣​នាក់​នេះ​ត្រូវបាន​ឃាត់ខ្លួន​ករណី​ជួញដូរ​អាវុធ​ត្រូវ​តម្រួត​ចាប់បាន ៥​នាក់​និង​រឹបអូស​បាន​មាន​អាវុធ​ធុន​ធ្ងន់ ៣​ដើម​មាន​កាំភ្លើង​ផ្លោង​ធុន​DK82 មិលីម៉ែត្រ​ចំនួន​២​ដើម កាំភ្លើង​ផ្លោង​ធុន​DK81 មិលីម៉ែត្រ​ចំនួន ១​ដើម​គ្រាប់​DK82 មិលីម៉ែត្រ​ចំនួន ៣​គ្រាប់ ឧបករណ៍​បង្កៃ​គ្រាប់បែក​ចំនួន​៣​ឈុត រថយន្ត​៣​គ្រឿង ទូរស័ព្ទ​ចំនួន​៦​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា ក្រោយ​ពេលដែល​តម្រួត​ថៃ​ចាប់ខ្លួន​ជនជាតិ​ចំនួន​៥​នាក់​និង​វត្ថុតាង​អាវុធ​ធុន​ធ្ងន់ ៣​ដើម កាលពី​ថ្ងៃទី​១៨ ខែ​កក្ត​ដា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ PTT​តាម​បណ្តោយ​ផ្លូវ​លេខ​៣៥៩ ក្នុងភូមិ​ប្រាំពីរ ឃុំ​ស្រាក់​ខ្វាន់ ស្រុក​/​ខេត្ត​ស្រះកែវ​។​

​លោក​បាន​បញ្ជាក់ថា ជនជាតិ​ថៃ​ទិញ​អាវុធ​ពី​ឈ្មួញ​កម្ពុជា​នាំចេញ​ច្រករបៀង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​កម្លាំង​នគរបាល​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ហើយ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​ឃាត់​ជា​បន្តបន្ទាប់​បាន​ចំនួន ៣​នាក់​តាំងពី​ថ្ងៃទី​២១ ដល់​២៣​ខែ​កក្ត​ដា ឆ្នាំ​២០១៧ នៅ​ភូមិ​សា​ស្គ្រ​ខេត្តបាត់ដំបង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​បន្តថា ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ដោយ​យោងតាម​ចម្លើយ​បាន​សារភាព​កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាមច្បាប់ ៕

                  

ចំនួនអ្នកទស្សនា

    20607127

  • ថ្ងៃនេះ3291
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49521
  • ខែនេះ164671
  • ឆ្នាំនេះ164671
  • សរុប20607127