បន្ទាយមានជ័យ ៖ អភិបាលខេត្តណែនាំដល់សមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលសេសសល់និងដាំថ្មីដែលលើកឡើងក្នុងពិធីរុក្ខទិវាដាំកូនឈើនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៧ នៅបរិវេណវត្តស្រះកណ្តាលហៅខ្ចាស់ស្ថិតភូមិខ្ចាស់ ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកព្រះនេត្រព្រះបានមានប្រសាសន៍រាយការណ៍ថា ក្នុងពិធីអបអរសាទររុក្ខទិវា៩កក្តដា ឆ្នាំ២០១៧ នេះត្រូវបានដាំកូនឈើបរិវេណវត្តស្រះកណ្តាល(ខ្ចាស់)ដែលត្រូវបានដាំកូនឈើលើផ្ទៃដី២ហិតា។
កូនឈើដែលត្រូវដាំមានដូចជាទី១-ប្រភេទកូនឈើក្រញ៉ូង៣៩៨ដើម, ទី២-ប្រភេទកូនឈើបេង៤៨៨ដើម, ទី៣-ប្រភេទកូនឈើធ្នង់៣៩០ដើម, ទី៤-ប្រភេទកូនឈើនាងនួន៧៤ដើម, ទី៥-ប្រភេទឈើត្រសេក២៤៩ដើម, ទី៦-កូនឈើប្រណិតគ្រប់ប្រភេទ១,០០០ដើមនិងចែកកូនឈើហូបផ្លែគ្រប់ប្រភេទជូនប្រជាពលរដ្ឋ៤៩,១០០ដើម។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរចំពោះមន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តបន្ទាយមានជ័យជាពិសេសមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យដែលបានខិតខំយកចិត្តទុកក្នុងការបណ្តុះពូជ កូនឈើសម្រាប់ដាំនិងជូនប្រជាពលរដ្ឋដាំសម្រាប់ជីវិភាពគ្រួសារ និងដាំឈើជាធនធានធម្មជាតិ។
លោកបានណែនាំដល់ស្ថាប័នសមត្ថកិច្ចត្រូវមានវិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ហើយត្រូវណែនាំអប់រំដល់ប្រជាពលរដ្ឋចូលរួមការពារព្រៃឈើនិងដាំកូនឈើ ដើម្បីជម្រុញអោយមានការយល់ដឹងពីសារៈប្រយោជន៍នៃព្រៃឈើ ៕