ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានធ្វើការបញ្ជូនជនជាតិចិនប្រុសស្រី៣១នាក់ ពាក់ព័ន្ធអំពើជំរិតទារប្រាក់តាមប្រព័ន្ធ Internet ទៅប្រទេសដើមខ្លួនវិញ ក្រោយបង្ក្រាបបានកាលពីពេលថ្មីៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ការបញ្ជូនចេញនេះ ធ្វើឡើងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសហការចូលរួមពីសមត្ថកិច្ច នៃប្រទេសចិនផងដែរ ។
លោកឧត្តមសេនីយ៍ឯកអ៊ុក ហៃសីឡា បានបញ្ជាក់ឲ្យដឹងថា ក្រុមចិនទាំង៣១នាក់ ក្នុងនោះស្រី៨នាក់ ត្រូវបានដឹកតាមរថយន្តក្រុង បញ្ជូនពីភ្នំពេញទៅកាន់ខេត្តសៀមរាម និងព្រះសីហនុ រួចត្រូវបញ្ជូនបន្តតាមជើងហោះហើរចេញពីខេត្តទាំង២ទៅកាន់ប្រទេសខ្លួនតែម្តង ។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបន្ថែមថា ក្រុមចិនទាំង៣១នាក់ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញ គឺខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌឬស្សីកែវ ។
ក្រុមជនទាំងនេះ បានយកប្រទេសកម្ពុជា ជាកន្លែងស្នាក់ប្រាស្រ័យ ហើយបញ្ជារតាមប្រព័ន្ធ internet ចេញពីកម្ពុជាទៅជំរិតពលរដ្ឋចិនដូចគ្នា នៅឯប្រទេសរបស់ខ្លួន ៕