បាត់ដំបង ៖ ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងករណីជាក់ស្តែងបន្ទាប់ពីកម្លាំងបានធ្វើការតាមប្រមាញ់អស់រយៈពេលជាយូរមកហើយ រហូតឈានដល់ការចាប់ខ្លួន រួមជាមួយនឹងថ្នាំញៀនជាង៣០០ គ្រាប់ផងដែរ ។
កិច្ចប្រតិបត្តិការនេះបានប្រព្រឹត្តឡើងនៅវេលាម៉ោង១១ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដោយកម្លាំងបានចុះបង្ក្រាបករណីជួញដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ផងដែរ ខណៈដែលជននេះកំពុងប្រព្រឹត្តនូវសកម្មភាពជាក់ស្តែង ។
មុខសញ្ញាដែលសមត្ថកិច្ចចាប់ខ្លួនមាន ឈ្មោះ អ៊ុំ វី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅត្រង់ចំណុចខាងលើ ដោយបានដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៣៣៩ គ្រាប់ ដែលជននេះបានលាក់ទុកសម្រាប់ធ្វើការចែកចាយ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួន រួមជាមួយនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្តក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕