ភ្នំពេញ ៖ លោកអនុសេនីយ៍ទោ នង សាបុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះថា ស្ត្រីជនជាតិវៀតណាមដែលចាប់ក្មេងស្រីម្នាក់កាលពីយប់មិញត្រូវបានបញ្ជូនទៅពេទ្យកាល់ម៉ែត្រហើយបន្តទៅមន្ទីរពេទ្យខ្មែរសូវៀត ដើម្បីបញ្ជាក់ពីសុខភាពស្ត្រី។
លោកនាយប៉ុស្តិ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ ធៀង ចាំ ភេទ ស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិ សាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ រស់ ស្រីនីត ភេទស្រី អាយុ១៤ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ផ្សារតូចក្រុម១៤ សង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ។
ជាមនុស្សមានស្មារតីមិនប្រក្រតីនិងមានជំងឺឆ្គួតជ្រូក ហើយនៅជាប់ខ្លួនជនសង្ស័យក៏មានថ្នាំពេទ្យដែលបញ្ជាក់ថាជាមនុស្សមិនវង្វេងស្មារតី ហើយក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះជនសង្ស័យបានផ្តិតមេដៃស្តាំបញ្ជាក់ថាជនខាងលើពិតជាមានស្មារតីមិនល្អមែន។
លោកបញ្ជាក់ថា ការទៅពិនិត្យសុខភាពនេះគឺមានការចូលរួមទាំងកម្លាំងសមត្ថកិច្ចនិងសាច់ញាតិរបស់ជនរងគ្រោះផងដែរ។ បើសិនជាស្ត្រីជនសង្ស័យខាងលើមានស្មារតីប្រក្រតីល្អធម្មតានោះកម្លាំងសមត្ថកិច្ចនិងចាត់ការតាមផ្លូវច្បាប់ តែបើមានស្មារតីមិនល្អនិងត្រូវឲ្យក្រុមគ្រួសារទទួលយកទៅមើលថែនៅផ្ទះវិញ។
សូមបញ្ជាក់ថា មួយរយៈនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងករណីចាប់ក្មេងៗ រហូតដល់នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃប្រកាសលេខទូរស័ព្ទបន្ទាន់ ដើម្បីទំនាក់ទំនងប្រសិនបើមានករណីចាប់ក្មេងកើតឡើង ៕