ភ្នំពេញ ៖ បន្ទាប់ពីបានបិតបញ្ចប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២ រយៈពេល៦ ខែបន្តទៀត គឺចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧។
ក្នុងយុទ្ធានារនេះ ប្រមុខរាជរដ្ឋាកភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការចំនួន ៦ចំណុច ដើម្បីអោយផែនការអនុវត្តប្រយុទ្ធប្រឆាំងគ្រឿងញៀក្នុងប្រទេសកម្ពុចាដមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស់ដាក់ចេញនូវវិធានការចំនួន ៦ចំនុចដើម្បីបន្តជម្រុញអោយការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ២ អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។
ការដាក់ចេញនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១ និងលើកទិសដៅសម្រាប់យុទ្ធនាការលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នាក្រសួងមហាផ្ទៃ ដែលមានការូមជាអធិបតីពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងមន្ត្រីពាក់ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជា។
វិធានការទាំង ៦ដែលប្រមុខរាជរដ្ឋាភិបាលដាក់ចេញ រួមមាន៖ ទី១- អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំធ្វើអោយពលរដ្ឋទូទៅកាន់តែមានការយល់ដឹងថែមទៀតអំពីគ្រោះថ្នាក់ និងផលអវិជ្ជមានដែលកើតចេញពីគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនការពារសុខុមាលភាពសង្គម ដោយត្រូវយកចិត្តទុកដាក់ផ្តោតការអប់រំអោយចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះ។ ទី២-ជំរុញសកម្មភាពរៀបចំវេទិការជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយកើតមានល្មើសគ្រឿងញៀន និងសិល្បករ សិល្បការិនី បណ្តាញព័ត៌មាន អ្នកដឹកនាំសាសនា ព្រមទាំងអង្គការ សង្គមស៊ីវិល អោយបានគ្រប់រាជធានី ខេត្ត រហូតដល់មូលដ្ឋានសំដៅប្រមូលផ្តុំអោយមានការចូលរួមសហការគាំទ្រទាំងសកម្មភាព និងមូលនិធិ ក្នុងចលនាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ទី៣-ពង្រឹងចំណាត់ការវិធានការរដ្ឋបាល និងការអនុវត្តិវិធានការច្បាប់អោយបានម៉ឺងម៉ាត់ចំពោះគោលដៅដែលងាយបង្កឬកើតមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀន តាមរយៈការជំរុញអោយមានការកំណត់ភូមិសាស្ត្រ និងគោលដៅអាទិភាពជាក់លាក់ព្រមទាំងមានកម្មវិធីការងារសម្រាប់កិច្ចការនេះច្បាស់លាស់ជាប្រចាំ។ ទី៤-ជំរុញការរិះរកនិតិវិធីក្នុងការចាត់ចែងវត្ថុតាង និងទ្រព្យសម្បតិ្តនានា ដែលត្រូវបានរឹបអូស និងភស្តុតាងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនបានឆាប់រហ័ស ដើម្បីប្រសិទ្ធិភាពក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ទី៥-ជំរុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស និងស្រាវជ្រាវបង្ក្រាបអោយបាននូវបណ្តាញខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ព្រមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការថែបំប៉ន និងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅធ្វើអោយប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ កាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទី៦-ជំរុញអោយបានសម្រេចការកសាងមជ្ឈមណ្ឌលស្តារនិតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់ជាតិ និងមណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាល និងស្តារនិតិសម្បទារាជធានី ខេត្ត ដែលមានអំណោយផលសម្របជាមួយនឹងការលើកកម្ពស់សមត្ថភាព គុណភាព និងពង្រឹងសេវាព្យាបាលដោយផ្អែកលើសហគមន៍។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៦ ខែ លើកទី១ បានបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៤,៣៣១ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៩,៦៩៤នាក់ និងចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ១១៩,៦៥៧ក្រាម ព្រមទាំងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួន។ ក្នុងនោះបានបង្ក្រាបមេក្លោងជួញដូចគ្រឿងញៀនធំៗចំនួន១៣ករណី ដោយបានកាត់ផ្តាច់ខ្សែររយៈបណ្តាញ ធ្វើអោយចរន្តនៃការចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់ថមថយសកម្មភាពគួរអោយកត់សម្គាល់៕