កណ្ដាល ៖ រថយន្តមួយគ្រឿងបើកឈានចូលកណ្ដាលទ្រូងផ្លូវបុកជាមួយម៉ូតូជិះត្រង់កណ្ដាលទ្រូងផ្លូវដូចគ្នាបណ្ដាលឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ នឿនសុភឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1I-7988 ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ធុនធំ ប្រភេទដឹកទំនិញពាក់ស្លាកលេខ កំពត3A-0309 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយពេលកើតហេតុ) ។
ប្រភពដដែលបន្តថា នៅវេលាថ្ងៃកើតហេតុខាងលើ សាក្សីបានឃើញរថយន្ដម៉ាកហ៊ីយ៉ាន់ដាយបើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយបើកត្រង់កណ្ដាលទ្រូងផ្លូវនិងខ្វះការប្រុងប្រយ័ត្ន ។ លុះមកដល់ចំណុចកើតហេតុបានបុកគ្នាជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមជិះក្នុងទិសដៅច្រាស់ទិសគ្នាពេញមួយទំហឹងដែលម៉ូតូនោះផងដែរបានជិះត្រង់កណ្ដាលទ្រូងផ្លូវដូចគ្នា បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។ ចំណែកអ្នកបើករថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើងសាកសព ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តនិងម៉ូតូ សមត្ថកិច្ចធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបរទាំងសងខាង បើកមិនប្រុងប្រយ័ត្ន ដោយបើកត្រង់កណ្ដាលទ្រូងផ្លូវដូចគ្នា ទើបមានគ្រោះថ្នាក់បែបនេះកើតឡើង ៕