បន្ទាយមានជ័យ ៖ មន្ត្រីក្រសួងមហាផ្ទៃជួបប្រជុំជាមួយមន្ត្រីជំនាញខេត្តដើម្បីពិនិត្យគម្រោងប្លង់គោលបើកច្រកព្រំដែនលេខ៤៣ កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៧ នៅខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ គម្រោងបើកច្រកទ្វារព្រំដែនលេខ៤៣ដែលស្ថិតភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា គម្រោងបើកច្រកព្រំដែនលេខ៤៣ នេះក្រុមហ៊ុន សុំផាន់ណារិទ្ធ ឌីវេឡុបមេន ដំបូងត្រូវដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋអោយបានចប់ ហើយកសាងផ្លូវធំរហូតដល់ព្រំដែននិងរៀបចំហេដ្ឋារចនាសម្ព័ន្តដើម្បីត្រៀមបើកច្រកព្រំដែនលេខ៤៣។
លោក លី សារី បានបញ្ជាក់ថា ក្រោយពេលប្រជុំពិនិត្យលើគម្រោងប្លង់គោលនិងអភិវឌ្ឍន៍ដើម្បីឈានទៅរកការបើកច្រកព្រំដែនគឺមន្ត្រីជំនាញក្រសួងមហាផ្ទៃសហការជាមួយមន្ត្រីជំនាញខេត្តបន្ទាយមានជ័យបានចុះទៅពិនិត្យជាក់ស្តែងទីតាំងគម្រោងបើកច្រកព្រំដែនលេខ៤៣ អោយដំណើរការបានឆាប់សម្រាប់អោយប្រជាពលរដ្ឋកម្ពុជា.ថៃដោះដូរទំនិញរវាងខេត្តជាប់ជាយដែន៕