កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលចាប់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចេក ចាន់ថន ហៅចយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៤កញ្ចប់និងសម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល កន្លងមកសមត្ថកិច្ចបានតាមដានក្រុមជនសង្ស័យខាងលើជាយូរមកហើយ។ លុះមកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ភ្លាមនោះសមត្ថកិច្ចនគរបាលស្រុក ចុះបង្ក្រាបឆែកឆេរជនសង្ស័យរហូតរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។
ចំពោះជនសង្ស័យខាងលើនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៩៣ ដកបចខ ចុះថ្ងៃទី០៦ ខែកុម្ភះឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោក គឹម ម៉េង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល។ ចោទប្រកាន់ពីបទ ចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ៕