សៀមរាប ៖ ខឹងឪពុកស្តីបន្ទោសនិងសុំលុយមិនបានក៏ដាច់ចិត្តទាញកាំបិតខ្វែវ ទៅកាប់ឪពុកមួយកាំបិត ដាច់បំពង់កបណ្តាលឲ្យស្លាប់នៅនឹងកន្លែងខណៈសម្រាកលង់លក់ ហើយជនបង្កដែលជាកូនត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន រួចបញ្ជូនយកមកសួរនាំទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្ត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំនុចលើគ្រែដែកក្នុងផ្ទះរបស់សព ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ដួង សុខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ថា ដោយមានព័ត៌មានពីកម្លាំងមូលដ្ឋាន ថា មានករណីឃាតកម្ម សម្លាប់ឪពុករបស់ខ្លួន កាប់ដាច់បំពង់ក កើតឡើងនៅចំណុចសង្កាត់ស្វាយដង្គំ ទើបលោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ។
លោកបានបន្តថា ដោយមានការសង្ស័យ ជនសង្ស័យកំណត់បាន ជាកូនប្រុសបង្កើតរបស់សាកសពឪពុក ទើបកម្លាំងឈានដល់ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង រួចយកមកសួរនាំនៅការិយាល័យជំនាញ។
លោកបានបញ្ជាក់ថា សពជនរងគ្រោះ ដែលជាឪពុកឈ្មោះ ឈឿន ឈឿម ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកជនសង្ស័យជាកូនបង្កើត ឈ្មោះ ឈឿន សម្បត្តិ អាយុ២៦ឆ្នាំ ស្នាក់នៅជាមួយគ្នា ស្ថិតក្នុងភូមិសាស្ត្រកើតហេតុខាងលើ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ កាំបិតខ្វែវមួយនៅកន្លែងកើតហេតុចំនួនមួយប្រលាក់ដោយឈាម សំលៀកបំពាក់របស់ជនសង្ស័យ មួយកំប្លេ។ លោកបានបញ្ជាក់បន្ថែមថា មូលហេតុឈានដល់កូនលើកដៃសម្លាប់ឪពុករបស់ខ្លួននោះ ដោយសារខឹងឪពុកស្តីបន្ទោសនិងសុំលុយអត់បាននៅពេលល្ងាច ហើយណាមួយ ជនសង្ស័យមិនសូវគ្រប់សតិផង ទើបរូបគេមានចិត្ត គុំគួន ទៅលើឪពុករបស់ខ្លួន ក៏ដេកចាំ ដល់មានឱកាស ទើបសម្លាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅថ្ងៃទី០១ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់ ៕