ពោធិសាត់ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត HIGHLANDER បុកជាមួយម៉ូតូហុងដា សេ១២៥ ក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់នៅហ្នឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០១និង១៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៥-១៨៦ ភូមិឫស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ធំបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HIGHLANDER ដឹកឈើ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប 2A-7339 អ្នកបើកបរ គេចខ្លួនពេលមកដល់កន្លែងកើតហេតុបានបុក ម៉ូតូម៉ាកហុងដា C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1F-4850 បើកបរដោយឈ្មោះ ណុបស៊ីនួន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ ព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរ ឈ្មោះ ឆែម ប៊ុនឈិន ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិ នាងពុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព។
ប្រភពដដែលបន្ត មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្ត មានល្បឿនលឿន និងមិនប្រកាន់ស្តាំ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ៕