ពោធិសាត់ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នារ បានចុះសហការជាមួយអាជ្ញាធរ ភូមិ-ឃុំ និងកម្លាំងជំនាញស្រុកបាកាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៨និង៣៥នាទី បានចុះបង្ក្រាបបទល្មើស ជួញដូររក្សាទុកនិងប្រើប្រាស់ សារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះទុកចោល នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ដែលជាកម្មសិទ្ធរបស់ ឈ្មោះ អ៊ិត ទត ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។
លោកឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ស្នងការរងទទួលផែនគ្រឿងញៀនបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ភឿន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបឹងខ្នារ, ទី២-ឈ្មោះ ហេង គឹមហុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹងខ្នារ, ទី៣-ឈ្មោះ ហន ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រះម្លូរ, ទី៤-ឈ្មោះ ហែម ដារិត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹងខ្នារ។
សម្ភារៈដកហូតបានរួមមានៈ កេសដែកចំនួនមួយ ក្នុងនោះមានម្សៅក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់ និងកញ្ចប់ប្រើប្រាស់រួចនៅជាប់ជាតិថ្នាំចំនួន ៤កញ្ចប់, កូនថង់ដែលមិនទាន់បានប្រើមួយប្រអប់ស្មើ៦៣ថង់, ដែកកេះចំនួន១៥ដើម, ប្រដាប់ជក់ចំនួន ២កំប្លេរ, ទូរស័ព្ទចំនួន៥គ្រឿង, កាបូបដៃចំនួន៣, លុយខ្មែរចំនួន១២៥,៥០០រៀល, កូនកន្សែងចំនួន២, ក្រដាសអាយុមីញ៉ូមមួយដុំ, និងម៉ូតូចំនួន ២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខព.ស 1D-2263ចំនួនមួយគ្រឿង និងមួយគ្រឿងទៀតម៉ាក វេបអាល់ហ្វា ពណ៌ខ្មៅ ពាក់ពាក់ស្លាកលេខ បាត់ដំបង1B-8736 និងរថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-4004 ហើយនៅក្នុងរថយន្តដកហូតបានដាវចំនួនមួយដើម, ទូរស័ព្ទចំនួន១២គ្រឿង, អត្តសញ្ញាណបណ្ណចំនួន ៤សន្លឹក, កាតគ្រីឡានចំនួនមួយសន្លឹក,។
សមត្ថកិច្ចបានបញ្ជាក់ថាក្នុងប្រតិបត្តិការបង្ក្រាបខាងលើ មេក្លោងបានរត់រួចចំនួន បីនាក់ ទី១-ឈ្មោះ សល់ គឹមស៊ី ភេទប្រុស អាយុ២៨ឆ្នាំ, ទី២-ឈ្មោះ សូតសុះ ភេទប្រុស អាយុ២៩ឆ្នាំ, និងទី៣-ឈ្មោះ ហិន វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ ជនសង្ស័យទាំងបីនាក់ រស់នៅភូមិបឹងខ្នារ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបានកាន ដើម្បីធ្វើតាមនីតិវិធីច្បាប់ ៕