ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីបានបង្ហាញមុខសញ្ញាឆក់កាបូបយ៉ាងសកម្មនៅតាមដងផ្លូវនានា នៅក្នុងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រោយទទួលបានបញ្ជាពីនាយឧត្តមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ រហូតឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនបានចំនួន ៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ រួមនិងដកហូតវត្ថុតាងម៉ូតូចំនួន២គ្រឿងផងដែរ។
លោកនាយការិយាល័យបានបន្តថាជនសង្ស័យទី១-ឈ្មោះ ហង្ស វីរៈ ហៅប៊ឹប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ, ទី២-ឈ្មោះ រឿន ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ, ទី៣-ឈ្មោះ ឈន ហេងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨២ ផ្លូវ៥៩៨ ភូមិ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី៤-ឈ្មោះ សេង សុធារិទ្ធិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៦១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ចំណែកជនរងគ្រោះទី១-ឈ្មោះ ញឹម តនីតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦២ដេ ផ្លូវលេខ១៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ទី២-ឈ្មោះ នូវ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ២ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕