ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២១និង៣០នាទី ចំណុចច្រកចូលវត្តគោកបញ្ជាន់ ផ្លូវលំភូមិថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ចែ សារ៉ន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ស្រុកកំណើតភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ កំពង់ចាម។ ទី២-ឈ្មោះ ឥត សុខចាន់ ភេទប្រុស អាយុ ២០ឆ្នាំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិរកាខ្នុរ ស្រុកក្រូចឆ្មារ កំពង់ចាម។(ទាំង២នាក់អ្នកបើប្រាស់ ទិញថ្នាំពីឈ្មោះ សុខ ដាលីស)។ ទី៣-ឈ្មោះ សុខ ដាលីស ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅមានស្រុកកំណើត ភូមិតារាប ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ថង់តូច។
លោកអធិការបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើងលុះដល់ម៉ោងកើតហេតុចំណុចច្រកចូលវត្តគោកបញ្ជាន់ ផ្លូវលំភូមិថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យក៏ប្រទះឃើញជនសង្ស័យឈ្មោះ ចែ សារ៉ន និងឈ្មោះ ឥត សុខចាន់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ដោយកម្លាំងមានការសង្ស័យបានហៅអោយឈប់សួរនាំ និងធ្វើការឆែកឆេរលើ ដងខ្លួនជនសង្ស័យទាំង២នាក់ រកឃើញថ្នាំម្សៅក្រាមពណ៌ស ១កញ្ចប់ថង់តូច នៅលើខ្លួនឈ្មោះ ឥត សុខចាន់ ក្រោយមកសមត្ថកិច្ចយើងបានសួរនាំដឹងថាជនសង្ស័យបានទិញថ្នាំពី ឈ្មោះ សុខ ដាលីស ទើបកម្លាំងបានបន្តទៅឃាត់ខ្លួនឈ្មោះ សុខ ដាលីសទៀត ក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣រួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។
លុះពេលមកដល់ផ្នែកជំនាញឈ្មោះ សុខ ដាលីស បានសារភាពថាខ្លួនពិតជាបានលក់ថ្នាំទៅអោយឈ្មោះ ឥត សុខចាន់ និង ចែ សារ៉ន ពិតមែន ក្នុងតំលៃ១៥០០០រៀល ហើយឆែករកឃើញថ្នាំ១កញ្ចប់ទៀតលាក់នៅក្នុងខោរទ្រនាប់ របស់ឈ្មោះ សុខ ដាលីស សរុប២កញ្ចប់ថង់តូច។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបញ្ចូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕