ព្រះសីហនុ ៖ លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២១និង១០នាទី កម្មករនេសាទមួយក្រុម បានជុំគ្នាផឹកស៊ីនៅលើទូក ព្រោះមិនបានចេញទៅនេសាទ ពេលស្រវឹងបានឈ្លោះប្រកែកគ្នា រហូតឈានដល់ប្រើអំពើហិង្សាកម្មករ ៣នាក់ ព្រួតវាយ ម្នាក់រងរបួសធ្ងន់ដល់ស្លាប់ ហើយរុញទម្លាក់ទឹក នៅចំណុចផែទំនប់រលកចាស់ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោកអធិការក្រុងបានបន្តថា ក្រោយពេលទទួលបានដំណឹងនេះភ្លាម នគរបាលមូលដ្ឋាន និងកម្លាំងរៀបរយ អន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត បានចេញធ្វើអន្តរាគមន៍ភ្លាមៗ ហើយព័ទ្ធចាប់បានជនសង្ស័យចំនួន៣នាក់ នៅកន្លែងកើតហេតុ។
លោកអធិការបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ហម គា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូក។ ទី២-ឈ្មោះ អ៊ុន ឌែល ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូកនេសាទ។ និងទី៣-ឈ្មោះ កើត សង្ហា ភេទប្រសុ អាយុ៤២ឆ្នាំ មុខរបរកម្មករសេរីបច្ចុប្បន្នស្នាក់នៅភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ពេលនោះសមត្ថកិច្ចបានចុះរាវរក ជនរងគ្រោះក្នុងទឹកតែជនរងគ្រោះបានស្លាប់ទៅហើយ ឈ្មោះ សំ អាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ បច្ចុប្បន្ននៅភូមិ-ឃុំទំបន់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ក្រោយកើតហេតុសពត្រូវបានកម្លាំងជំនាញធ្វើកោសល្យវិច្ច័យ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋានក្រុងព្រះសីហនុ ដើម្បីកសាងឯកសារចាត់ការតាមនីតិវិធី ៕