កណ្ដាល ៖ យ៉ាងហោចណាស់ម្នាក់មនុស្សម្នាក់រងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាមួយម៉ូតូ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យាន ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ (របួសស្រាល)ជាអ្នកបើកម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1X-7254 រួមដំណើរជាមួយឈ្មោះ ធិប សារ៉ាត់ ភេទស្រី អាយុ១៩ឆ្នាំ (រងរបួសធ្ងន់ )។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិព្រែកដូង ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកភាគីម្ខាងទៀតឈ្មោះ ម៉ឹង សាប៉ង់ ភេទប្រុស អាយុ២០ឆ្នាំ (មិនរងរបួសនោះទេ) ជាអ្នកបើកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកកលេខព្រៃវែង 1K-0149 រួមដំណើរជាមួយឈ្មោះ ទុយ ពិសី ភេទស្រី អាយុ២០ឆ្នាំ ( រងរបួសស្រាល)។ ជនរងគ្រោះទាំង២នាក់មានទីលំនៅកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកវ៉េវជិះចេញពីស្ថានីយ៍ប្រេងឥន្ធនៈឈ្មោះ សេង ឃាង ខណៈដែលជិះចេញគឺអ្នកជិះម៉ូតូវ៉េវពុំបានប្រុងប្រយ័ត្ននិងមើលមុខមើលក្រោយនោះទេក៏ស្រាប់តែមានម៉ូតូជនរងគ្រោះម៉ាកស៊ុយហ្ស៊ូគីវីវ៉ាជិះតាមបណ្ដោយផ្លូវក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់និង២នាក់ទៀតរបួស្រាលតែម្ដង។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹងកសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើគឺបណ្ដាលមកពីអ្នកជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគី ជិះចេញពីស្ថានីយ៍ប្រេងដោយមិនប្រុងប្រយ័ត្ននិងមិនមើលមុខមើលក្រោយ ទើបម៉ូតូវ៉េវបើកបុកពីក្រោយយ៉ាងដូច្នេះ ៕