កណ្ដាល ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានសម្រេចរត់ចេញពីផ្ទះ ខណៈដែលខឹងឪពុកម្ដាយស្ដីបន្ទោសបន្ដិបន្តួច និងបានបន្សល់ទុកនូវសំបុត្រមួយច្បាប់ផងដែរ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាខ្មៅ១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ដ្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងស្រីដែលរត់ចេញពីផ្ទះឈ្មោះ ឡាយ ចារ៉ូនី អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាអន្តរទ្វីបអាមេរិកកាំង មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឪពុកម្ដាយក្មេងស្រីបានឲ្យដឹងថា កន្លងមកកូនស្រីរបស់គាត់ចូលចិត្ដដើរលេងច្រើន ហើយពួកគាត់បានអប់រំណែនាំជាច្រើនលើកច្រើនសារតែកូនស្រីរបស់គាត់ពុំស្ដាប់នោះទេ ។ លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ពួកគាត់ទាំង២នាក់បានស្ដីបន្ទោសដាក់កូនស្រីរបស់គាត់បន្ដិចបន្តួចដោយពុំដឹងថា កូនស្រីគាត់ខឹងនោះទេ ។ រហូតមកដល់វេលាម៉ោង៩និង១០នាទី ថ្ងៃខែឆ្នាំកើតហេតុដដែល ស្រាប់តែកូនស្រីបានប្រាប់ពួកគាត់ថា ចេញទៅផ្សារមួយភ្លែតដើម្បីទិញអីញ៉ាំ ដោយកាន់តែទូរស័ព្ទដៃមួយគ្រឿងតែប៉ុណ្ណោះ ហើយក៏បាត់រហូតតែម្ដង។ ដោយឪពុកម្ដាយមានការងឿងឆ្ងល់បាត់យូរពេកក៏ចូលក្នុងបន្ទប់កូនស្រីរបស់ខ្លួន ស្រាប់តែបានឃើញសំបុត្រមួយច្បាប់ដែលរៀបរាប់រឿងរ៉ាវទាំងឡាយផងដែរ ។
ប្រភពដដែលបានបន្ដទៀតថា ក្រោយពីឪពុកម្ដាយបានឃើញសំបុត្ររួច ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីជួយអន្ដរាគមន៍ស្រាវជ្រាវនិងតាមរកក្មេងស្រីដែលជាកូនរបស់គាត់ផង ។ ករណីខាងលើនេះសមត្ថកិច្ចកំពុងតាមដាននិងស្រាវជ្រាវស្វែងរកបន្ដទៀត ៕