បាត់ដំបង ៖ ជនសង្ស័យចំនួនពីរនាក់ ដែលសមត្ថកិច្ចចោទប្រកាន់ថាជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាននោះ ត្រូវបានកំលាំងសមត្ថកិច្ចជំនាញធ្វើការតាមប្រមាញ់ រហូយឈានដល់ការចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងមួយចំនួនផងដែរ ដែលក្រុមនេះលាក់ទុកសម្រាប់ចែកចាយ ។
តាមការអះអាងពីលោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានអោយដឹងថាក្រោយពីទទួលបានព័ត៌មានរួចមក គឺនៅវេលាម៉ោង៤ និង ៣០ នាទី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ លោកបានចាត់កំលាំង ដោយបានសហការជាមួយនឹងក្រុមអន្តរាគមន៍ ប្រឆាំងបទល្មើស បានចេញប្រតិបត្តិការទៅកាន់ចំណុចភូមិ ច្រាបក្រសាំងសង្កាត់វត្តគរ ក្រុងបាត់ដំបង ដើម្បីតាមដានមុខសញ្ញា ។
លោកនាយការិយាល័យបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សួយបានចំនួនពីរនាក់ ដែលពួកគេទាំងនោះមានឈ្មោះ បាន សីហា ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ ភឿត សុភា ភេទប្រុស អាយុ២០ឆ្នាំ ជនទាំងពីរនាក់
រស់នៅត្រង់ចំណុចខាងលើ ដោយសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកបានចំនួន១ថង់ធំ ស្មើនឹងទម្ងន់ ១១,៧៨ ក្រាម និងទូរស័ព្ទដៃ១គ្រឿង ។
បច្ចុប្បន្នក្រោយពីបានធ្វើការសាកសួរ និងបន្ទាប់ពីទទួលបាននូវចម្លើយសារភឆពរួចមកកំលាំងជំនាញបានរៀបចំបញ្ជូនមុខសញ្ញាសង្ស័យទាំងពីរនាក់ រួមជាមួយនឹងវត្ថុតាងទៅកាន់សាលាដំបូងហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕