កំពង់ធំ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២០និង២០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦(ផ្លូវថ្មីវាងក្រុង)ចំណុចផ្លូវបំបែកជាបួន ក្នុងភូមិព្រៃតាហ៊ូ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលអោយស្លាប់មនុស្ស០២នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកឡិចស៊ីស(Lexus 470) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-0730 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូដែលធ្វើដំណើរឆ្លងកាត់ផ្លូវ ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1E-4734 បើកបរដោយឈ្មោះ នឿន នេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិពាមក្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(ធ្វើស្រែ) (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ សឿប ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិពពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ធ្វើស្រែ)(ស្លាប់នៅកន្លែងមន្ទីរពេទ្យកំពង់ធំ)(មិនពាក់មួកសុវត្ថិភាព) ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ នាំយកមធ្យោបាយទាំង២គ្រឿងមករក្សាទុក ដើម្បីដោះស្រាយតាមច្បាប់ និងប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យបានប្រពៃណី ៕