ឧត្តរមានជ័យ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង៦និង៣០នាទីព្រឹក នៅចំណុចទល់មុខភូមិសាស្ថ្រភូមិដងទង់ ចំណុចលើខ្នងភ្នំដងរែក តំបន់ព្រំដែនកម្ពុជា-ថៃ មានប្រជាពលរដ្ឋចំនួន៣នាក់ រស់នៅភួមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឡើងទៅអារគល់ធ្នង់ បណ្តាលឲ្យជាន់មីនផ្ទុះ ដាច់ជើងឆ្វេង និងរបួសជើងស្តាំម្នាក់ ។
ជនរងគ្រោះឈ្មោះ សេង ស្រឿន ភេទប្រុស អាយុ៥៥ ឆ្នាំ ជាអនុប្រធានភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន បានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ។
លោកវរសេនីយ៍ឯក សុំ សារឿន មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក កម្ពុជា-ថៃ លេខ៩០៥ បានឲ្យ ដឹងនៅមុននេះថា ជនរងគ្រោះដែលឡើងទៅអារ គល់ធ្នង់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានជាន់មីនផ្ទុះដាច់ជើងម្ខាង និងជើងម្ខាងទៀតរងរបួសនោះ ត្រូវបានស្លាប់ហើយ នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ៕