បន្ទាយមានជ័យ ៖ មួយគ្រួសារមានសមាជិក៧នាក់ ក្មេង ចាស់ ប្រុស ស្រី បានស្លាប់១នាក់និងមានអាការៈធ្ងន់ស្រាល៦នាក់ ក្រោយពីពួកគេហូបត្រីក្រពតរួចហើយនោះ ។ ការស្លាប់និងមានអាការៈពុលក្អួតចង្អោរត្រូវគេដាក់ការសង្ស័យបណ្តាលមកពីពុលត្រីក្រពត ។ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ ប្រាប់ឱ្យដឹងថា៖ ជនរងគ្រោះទាំង៧នាក់រងការពុលមានឈ្មោះ ១-ចាន់ ប៊ុនលឿន ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់), ២-ចាន់ វិជ្ជា ភេទប្រុស អាយុ១៧ឆ្នាំ (អាការៈធ្ងន់ធ្ងរ) ៣-គូ ទីប ភេទស្រី អាយុ៥១ឆ្នាំ (អាការៈធ្ងន់ធ្ងរ) ៤-ជួន ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ , ៥-ចាន់ រាត្រី ភេទស្រី អាយុ១២ឆ្នាំ, ៦-ផាន់ សុផាត ភេទប្រុស អាយុ១៤ឆ្នាំ និង៧-ផាន់ រ័ត្ន ភេទប្រុស អាយុ១៣ឆ្នាំ ជនរងគ្រោះទាំង៤នាក់រងការពុលស្រាល ជនរងគ្រោះរស់នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ជួន ចាន់ ប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុនៅព្រឹកថ្ងៃទី១៦ ខែសីហា ក្មួយរបស់គាត់ឈ្មោះ ចាន់ ប៊ុនលឿន ដែលស្លាប់ គេបានទៅដាក់ទ្រូក្នុងបឹងក្បែរភូមិ បានត្រីកំពតជាច្រើនក្បាល ហើយក្មួយរូបនោះក៏យកត្រីក្រពតទាំងនោះមកឱ្យប្រពន្ធប្រឡាក់យកមកហាលឱ្យក្រៀម ។ ហើយនៅល្ងាចថ្ងៃដដែលពួកគាត់ក៏នាំគ្នា អាំងត្រីក្រពតនោះក្លែមជាមួយស្រាស ។ ផឹកស្រាសមានគ្នាតែ៤នាក់ប៉ុណ្ណោះជាមនុស្សចាស់ ចំណែកក្មេងដែលត្រូវក្មួយ៣នាក់ទៀតមិនបានផឹកស្រានោះទេ គ្រាន់តែហូបតែត្រីក្រពតប៉ុណ្ណោះ។
ជនរងគ្រោះប្រាប់ឱ្យដឹងទៀតថា ក្រោយពីហូបត្រីក្រពតមានរយៈពេល២ទៅ៣ម៉ោងក្រោយមក ពួកគាត់ទាំងនោះ៧នាក់ក៏ចាប់ផ្តើមស្ពឹកដៃស្ពឹកជើង និងវិលមុខ ក៏នាំគ្នាសំងំដេក ហើយមួយសន្ទុះទៀតនោះក៏មានអាការៈក្អួតចង្អោរស្រាល និងធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំង៧នាក់ពុលធ្ងន់៣នាក់ស្រាល៤នាក់ ។ ខណៈនោះទើបមានការភ្ញាក់ផ្អើលដល់អ្នកភូមិ បានទាក់ទងរថយន្តពេទ្យស្រុកព្រះនេត្រព្រះ ដឹកជនរងគ្រោះទាំង៧នាក់មកកាន់មន្ទីរពេទ្យនៅក្រុងសិរីសោភ័ណ ។ លុះធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវ នៅវេលាយប់អធ្រាត្រ ជនរងគ្រោះឈ្មោះ ចាន់ ប៊ុនលឿន ក៏បានស្លាប់។ ចំណែក៦នាក់ទៀតដឹកបញ្ជូនយកមកសង្គ្រោះជីវិតនៅមន្ទីរពេទ្យក្រុងសិរីសោភ័ណ ។ ជនរងគ្រោះទាំង៦នាក់នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ត្រូវបានគ្រូពេទ្យជួយសង្គ្រោះគេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតរួចហើយ ។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ជនរងគ្រោះស្លាប់បានហូបត្រីកំពត ប្រហែល២០ក្បាល ចំណែកមនុស្សចាស់៣នាក់ទៀត ខ្លះហូបត្រីកំពតអស់៧ទៅ៨ក្បាល និងក្មេងប្រុសស្រី៣នាក់អស់២ទៅ៣ក្បាល ។ ពីមុនមក ពួកគាត់ធ្លាប់ហូបត្រីក្រពតនោះដែរ ប៉ុន្តែជាប្រភេទត្រីក្រពតភ្នែកខ្មៅគ្មានបញ្ហាអ្វីនោះទេ ។ លុះនៅថ្ងៃកើតហេតុខាងលើ ពួកគាត់ហូបត្រីក្រពតភ្នែកក្រហម ក៏មានបញ្ហាពុលកើតឡើងតែម្តង។
សេចក្តីរាយការណ៍ឱ្យដឹងថា ករណីដែលមានការសង្ស័យពុលត្រីក្រពតខាងលើ សមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត កំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត៕សំ វិច្ឆិកា